ព័ត៌មានជាតិ

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្រ្កាបឧក្រិដ្ឋជនគ្រឿងញៀន ជាជនជាតិចិនចំនួន២នាក់ និងរឹបអូសគ្រឿងញៀនជាង២០០គីឡូក្រាម

ភ្នំពេញ: មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្រ្កាបបាន ឧក្រិដ្ឋជនគ្រឿងញៀន ជាជនជាតិចិនចំនួន២នាក់ និង២ទៀតរត់គេចខ្លួន ព្រមទាំងរឹបអូសគ្រឿងញៀន ប្រភេទ កេតាមីន(ថ្នាំក្រវីឬថ្នាំសប្បាយ) ជាង២០០គីឡូក្រាម នៅភូមិសាស្រ្តរាជធានីភ្នំពេញ ខណ:ទីតាំងពួកគេណាត់ជួបគ្នាដើម្បីដឹកគ្រឿងញៀនទៅប្រទេសវៀតណាម នៅទឹកដីខេត្តកណ្ដាល។
បើតាមការបញ្ជាក់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ឧក្រិដ្ធជនគ្រឿងញៀន២នាក់ កម្លាំងមន្ទីរប្រប្រឆាំងគ្រឿងញៀនក ១១ សហការជាមួយ កម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកណ្ដាល បង្រ្កាបបាននៅស្ពានកោះនរា និងជិតស្តុបបូកគោ។ ឯកឧត្តមបន្តថា ក្រុមឧក្រិដ្ធជនគ្រឿងញៀននេះមានបក្សពួក៤នាក់ ចាប់បាន២នាក់ និង ពីរនាក់ទៀត កំពុងគេចខ្លួន ហើយកម្លាំងសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណពួកគេរួចរាល់អស់ហើយ និងកំពុងតាមប្រមាញ់អនុវត្តទៅតាមនីតិវិធីច្បាប់៕