ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្ត

ខេត្តកណ្តាល៖ ឯកឧត្តម​ ​គួច ចំរើន ​អភិបាល​ នៃគណ:ខេត្ត​កណ្តាល នា​ព្រឹក​ថ្ងៃ​ទី​១​៩ ​ខែខសីហា ​ឆ្នាំ​២​០​២​៤​នេះ ​បាន​អញ្ជើញ​ដឹកនាំ​ក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្ត ​ដើម្បី​ពិនិត្យ​ ​និង​ផ្តល់​យោបល់​លើ​គម្រោងជាអាទិភាពនានារបស់ក្រុង-ស្រុកទាំង១៣ ដែលបានស្នើឡើយ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព បម្រើប្រយោជន៍សាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយប្រជុំនេះមានការអញ្ជើញចូលរួមផងដែរពីឯកឧត្តមអភិបាលរងខេត្ត អាជ្ញាធរក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធនានា។

ឯកឧត្តម​ ​គួច ចំរើន បានមានប្រសាសន៍ថា ​កិច្ចប្រជុំ​នៅ​ថ្ងៃនេះ​ ​គឺជា​ការ​អនុវត្ត​តួនាទី​ ​និង​ការទទួលខុសត្រូវ​របស់​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​ ​ដើម្បី​រួមគ្នាពិនិត្យ​សំរេច ​និង​ផ្តល់​យោបល់​លើ​សេសេចក្តីព្រាគម្រោងវិនិយោគខេត្តឆ្នាំ២០២៥ ឱ្យបាន​គ្រប់ជ្រុងជ្រោយ​ មុន​ដាក់​ឆ្លង​ក្រុមប្រឹក្សា​ ​ដើម្បី​ពិនិត្យ​ ​និង​អនុម័ត​។​​
ឯកឧត្ដម គួច ចំរើន បានគូសបញ្ជាក់ដែរថា សេចក្តីព្រាងកម្មវិធីវិនិយោគខេត្តឆ្នាំ២០២៥ គឺជាប្រយោជន៍សម្រាប់ការប្រើប្រាស់លើកិច្ចអភិវឌ្ឍន៍របស់ខេត្តឱ្យចំគោលដៅ ដើម្បីសម្រេចគោលបំណង និងចក្ខុវិស័យរបស់ខេត្ត ស្របទៅតាមតម្រូវការជាមូលដ្ឋានអាទិភាពជាក់ស្តែងរបស់ ប្រជាពលរដ្ឋទូទាំងខេត្ត និងចូលរួមគាំទ្រដល់កម្មវិធីវិនិយោគរបស់ក្រុង-ស្រុក ដែលជាគម្រោងអាទិភាព សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត បានកាន់តែល្អប្រសើរឡើងថែមទៀត។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំ ដល់ទីចាត់ការផែនការ និងវិនិយោគខេត្ត រាល់គម្រោងធ្វើផ្លូវក្នុងខេត្ត ទីចាត់ ការនេះត្រូវទទួលខុសត្រូវលើការធ្វើដោយផ្ទាល់ ជំនួសឱ្យវិស័យឯកជន ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព និងការទទួលខុសត្រូវ។
មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវគិតគូបញ្ហាសាងសង់អាគារសិក្សាបន្ថែមនៅតាមក្រុង-ស្រុកដែលមានតំរ៉ូវការ ដោយសាកក្តាសិស្សមានការកើនឡើង បណ្តាលឱ្យខ្វះអាគាសិក្សា ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល និងមន្ទីរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយបញ្ហាដោះដូរគំរបលូដែលខូចខាតតាមផ្លូវសាធារណៈ ជាពិសេសត្រូវត្រៀមរៀបចំម៉ូទ័រមូមរំដោះទឹកក្នុងក្រុងតាខ្មៅ ដោយត្រូវត្រៀមរៀបចំប្រព័ន្ធរំដោះទឹក និងស្ដារប្រព័ន្ធលូដើម្បីធ្វើឱ្យទឹកអាចហូរបានប្រសើរឡើងវិញ សំដៅធ្វើយ៉ាងណាបញ្ជៀសការជន់លិច នៅក្នុងក្រុងតាខ្មៅ នៅពេលដែលមានភ្លៀងធ្លាក់ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។