ព័ត៌មានជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់ សម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ជ្រាវសៀមរាប ខេត្តសៀមរាប និង រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្ទឹងសែនទី២ ខេត្តកំពង់ធំ

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ជ្រាវសៀមរាប ខេត្តសៀមរាប និង រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្ទឹងសែនទី២ ខេត្តកំពង់ធំ ត្រូវបានសម្ពោធកាត់ខ្សែបូរ ដាក់ឲ្យដំណើរការជាផ្លូវការ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ដែលមានទីតាំងនៅសង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ឯកឧត្តម អ៊ូអិណុ អ៊ាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកទេស និងនិវានុវត្ត ។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មីជ្រាវ-សៀមរាបខេត្តសៀមរាប និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតស្ទឹងសែនទី២ ខេត្តកំពង់ធំ បញ្ជាក់ថានៅឆ្នាំ១៩៩៦ រដ្ឋាភិបាលជប៉ុនបានផ្តល់ហរិញ្ញប្បទានឥតសំណងក្នុងទឹកប្រាក់ចំនូន១៥លានដុល្លា សម្រាប់សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតក្នុងក្រុងសៀមរាប ដែលមានសមត្ថភាពផលិតទឹកស្អាត៨ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃជាមួយនឹងបណ្តាញចែកចាយ ប្រវែង៣២គីឡូម៉ែត្រ ។

ដោយសារតម្រូវការប្រើប្រាស់ទឹកស្អាតក្នុងក្រុងសៀមរាបជាបន្តបន្ទាប់ រដ្ឋាករទឹកស្វយ័តសៀមរាបទទួលបានគម្រោងឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន(ហៅកាត់ថា(JICA)សម្រាប់ការពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសំដៅដោះស្រាយបញ្ហាកង្វះទឹកស្អាតក្នុងក្រុងសៀមរាប ក្នុងទំហំទឹកប្រាក់សរុប ៧ពាន់១៦១លានយ៉េន ដើម្បីពង្រីកបន្ថែមសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសៀមរាប ៦០ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ ដោយយកប្រភពទឹកពបឹងទន្លេសាប។ សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់កម្ចីសម្បទាពតាមរយៈទីភ្នាក់ងារសហរតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (ហៅថាICA) សម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប និងការផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណងតាមរយៈក្រសួងការបរទេសជប៉ុន សម្រាប់គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គងទឹកស្អាតខេត្តកំពង់ធំ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ការសម្ពោធដាក់ឲ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មីទាំងពីរកន្លែងនៅថ្ងៃនេះ ក៏ជានិមិត្តរូបមួយនៃភាពរីកចម្រើន នៃចំណងទាក់ទង រវាងកម្ពុជា-ជប៉ុន ដែលជាឆ្នាំគម្រប់ ៧០ឆ្នាំ (១៩៥៣.២០២៣ ) ។