សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានបូកសរុបលទ្ធផលការងារ នៅទីស្តីការក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ដោយបានបង្ហាញពីការរៀបចំធ្វើម្ចាស់ ផ្ទះការប្រកួតកីឡាជំនាញមួយនេះ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។
ឯកឧត្តម លន់ សាមឺឌី អគ្គលេខាធិការ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានបញ្ជាក់ថា បន្ទាប់ពីបានការអនុញ្ញាតជាគោលការណ៍ពីគណៈកម្មាធិការជាតិ CAMSOC សហព័ន្ធបានសហការរៀបចំជាមួយ VIRESA (Esports Vietnam) បានសម្រេចដាក់បញ្ចូល ៦ប្រភេទ ស្មើនឹង៩វិញ្ញាសា ដោយមានប្រតិភូអត្តពលិកចូលរួមសរុប ៣៩៧នាក់ ដែលទីលានប្រកួតពីរផ្សេងគ្នា គឺទីលាន ណាហ្គាវើលដ៍២ (៥វិញ្ញាសា) និងទីលាន អូឡាំព្យា (៤វិញ្ញាសា)។ ឯកឧត្ដមលើកឡើងថា សហព័ន្ធបានរៀបចំការប្រកួត Road to Sea Games 32 ចាប់ពីពាក់កណ្តាលខែមករា និងបញ្ចប់នាពាក់កណ្តាល ខែមីនា ឆ្នាំ២០២៣ ដោយជ្រើសរើសបានក្រុមជម្រើសជាតិតាមវិញ្ញាសាទាំងអស់នេះ។ ទន្ទឹមនេះ ដើម្បីត្រៀមខ្លួនក្នុងនាមជាម្ចាស់ផ្ទះ ឯកឧត្តមប្រធានបានផ្តល់អនុសាសន៍ឱ្យរៀបចំជាក្រុមជម្រើសជាតិ ដែលមានឈ្មោះថា អ្នកចម្បាំងអង្គរ (AngKor Worrior) និងបានជ្រើសរើសយកកីឡាករ កីឡាការិនី ដែលមានសិទ្ធផលខ្ពស់មកច្របាច់ជាក្រុមតែមួយ។ ជាលទ្ធផល កម្ពុជាទទួលបានមេដាយមាសសរុបចំនួន៥គ្រឿង ក្នុងនោះមេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ១។
ឯកឧត្ដមអគ្គលេខាធិការបានបន្ដថា ក្នុងចំណោមប្រទេសតំបន់អាស៊ីអាគ្នេយ៍ទាំងអស់ គឺឥណ្ឌូណេស៊ី ឈរលេខ១ ទទួលបានមេដាយមាស៣ ប្រាក់២ ខណៈម្ចាស់ផ្ទះកម្ពុជាឈរលេខ២ មាស៣ ប្រាក់១ និងសំរឹទ្ធ១១, លេខ៣ ហ្វីលីពីន មាស២ ប្រាក់១ សំរឹទ្ធ៣ តាមពីក្រោយដោយវៀតណាម និងសិង្ហបុរី ដែលឈ្នះមេដាយមាស១គ្រឿងដូចៗគ្នា។
ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានណែនាំដល់កីឡាករ កីឡាការិនីអេឡិចត្រូនិកជម្រើសជាតិកម្ពុជាទាំងអស់ត្រូវបន្តការគោរពវិន័យ ក្រមសីលធម៌ឱ្យបានខ្ជាប់ខ្ជួនបំផុត និងត្រូវបន្តការខិតខំប្រឹងប្រែងឱ្យបានល្អប្រសើរ ដើម្បីត្រៀមការប្រកួតអន្តរជាតិធំៗជាបន្តទៀត និងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាឆ្នាំ២០២៥ នៅប្រទេសថៃជាដើម។ បើទោះបីជាមេដាយ៥គ្រឿងលើប្រភេទកីឡា Esports នេះដែលជាសមិទ្ធផលធំធេងសម្រាប់ជាតិក្តី និងជាប្រភេទកីឡាដែលឈរនៅលេខ៨ ក្នុងចំណោមប្រភេទកីឡាកម្ពុជា ដែលឈ្នះមេដាយមាសច្រើនជាងគេក្តី ក៏ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បានផ្តល់អនុសាសន៍ដល់ ក្រុមជម្រើសជាតិមិនត្រូវភ្លេចខ្លួននោះទេ ពោលគឺត្រូវបន្តការគោរពវិន័យ និងការខិតខំបន្ថែមទៀត៕