ព័ត៌មានជាតិ

ព្រះមន្ត្រីសង្ឃខ្មែរ ខេត្តត្រាវិញ បន្តនិមន្តចូលក្រាបថ្វាយបង្គំគាល់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត

ភ្នំពេញ ៖ គណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរ ខេត្តត្រាវិញ ទាំង៦ព្រះអង្គ ដឹកនាំព្រះតេជព្រះគុណថាច់ ញឹក ព្រះអនុគណរង និងជាព្រះចៅអធិការវត្តស្វាយសៀមថ្មីខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបន្តនិមន្តចូលក្រាបថ្វាយបង្គំ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នាវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

​ក្នុងឱកាសដ៏មានតម្លៃនេះដែរ គណៈប្រតិភូបានយកវត្តប្រណិប័តរ៍សម្តេចជាអម្ចាស់ ដើម្បីជាការសម្តែងនូវឧបការ:គុណដ៏ខ្ពង់ខ្ពស់របស់សម្តេចជាអម្ចាស់ ដែលជាព្រះបិតាសង្ឃមួយអង្គក្នុងចំណោមសង្ឃទាំង៧ព្រះអង្គ ដែលបានស្ថាបនាព្រះពុទ្ធសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើងវិញក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ ។ ទន្ទឹមនោះព្រះអង្គបានក្រាបថ្វាយបង្គំសួរសុខទុក្ខ សម្តេចព្រះមហាសុមេធាធិបតី ពីព្រះសុខភាពរបស់សម្តេច ដោយសេចក្តីនឹករលឹកជាពន់ពេក និងសូមថ្វាយព្រះពរជ័យមង្គល វិបុលសុខ គ្រប់ប្រការ ពិសេសសូមថ្វាយព្រះពរសម្តេច មានព្រះសុខុមាលភាព ដ៏ល្អបរិបូរណ៍ និងមានព្រះជន្មយឺនយូរជាងរយព្រះវស្សា ដើម្បីជាម្លប់ដ៏ត្រជាក់សុខសាន្ត សម្បូសប្បាយ ដើម្បីបំភ្លឺព្រះពុទ្ធឱវាទ ក្នុងព្រះពុទ្ធសាសនានៅកម្ពុជាកាន់តែរីកចម្រើន។
សម្តេចព្រះមហាសុមេធាធិបតី បានប្រសិទ្ធពរជ័យប្រគេន និងផ្តាំផ្ញើរក្តីនឹករលឹកដល់ប្រជាពុទ្ធបរិស័ទខ្មែរខេត្តត្រាវិញទាំងអស់ សូមជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។
សូមជម្រាបជូនថា គណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរ ខេត្តត្រាវិញ បានចូលក្រាបបង្គំគាល់នាពេលនេះ បន្ទាប់ពីក្រាបបង្គំគាល់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃ គណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកមិញនៅវត្តស្វាយពពែ៕