ប្រធានគណៈកម្មការព័ត៌មាននិងផ្សព្វផ្សាយថ្លែងថា ក្រសួងព័ត៌មានជំរុញការផ្សព្វផ្សាយកីឡាទាំង១៤ប្រភេទក្នុងព្រិត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមឱ្យបានល្អប្រសើរបំផុត ដោយមិនមែនផ្ដោតទៅលើតែមួយប្រភេទកីឡា ឬពីរប្រភេទឱ្យល្អឥតខ្ចោះ ហើយគិតថាទទួលបានជោគជ័យនោះទេ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាពីគ្រប់ព្រឹត្តិការណ៍កីឡាទំាងអស់ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ និងជាប្រធានគណៈកម្មការព័ត៌មាននិងផ្សព្វផ្សាយ បានមានប្រសាសន៍ក្នុងសិក្ខាសាលាស្តីពីការផលិតនិងផ្សព្វផ្សាយកីឡានៃព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅមជ្ឍមណ្ឌលព័ត៌មានកណ្តាល ក្នុងពហុកីឡដ្ឋានមរតកតេជោនាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣នេះ ថា កាលពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម កម្ពុជាមានក្រុមហ៊ុនទូរទស្សន៍អន្តរជាតិដែលផ្ដល់កិច្ចសហការជាមួយCamSoc បានផ្ដល់កម្លាំងជួយដល់កម្ពុជាជាង១០០នាក់ ។ ឯកឧត្តម បានបន្តថា សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនេះ គឺមានស្ថានីយទូរទស្សន៍ក្នុងស្រុកចំនួន៨ស្ថានីយ ដែលបានរួមគ្នាក្នុងការរៀបចំ និងផ្សព្វផ្សាយលើ១៤ប្រភេទកីឡា ។ បើទោះបីជាព្រឹត្តិការណ៍មួយនេះមានកីឡាត្រឹមតែ១៤ប្រភេទកីឡាក៏ពិតមែន ប៉ុន្តែមានវិញ្ញាសារហូតដល់ជាង៤០០វិញ្ញាសា ហើយរយៈពេល មួយសប្តាហ៍ ដែលមានការងារច្រើនត្រូវធ្វើ និងទាមទារឱ្យមានការបែងចែកកម្លាំងច្រើន ។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ស្ថានីយផ្សព្វផ្សាយទាំងអស់ យកចិត្តទុកដាក់អនុវត្តការងារឲ្យបានផុសផុលនិងត្រឹមត្រូវ ដើម្បីធ្វើយ៉ាងណាឱ្យកីឡាទាំង១៤ប្រភេទនេះ ផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋបានទស្សនាតាមពេលវេលាដែលបានកំណត់ ដោយមិនផ្តោតសំខាន់តែលើកីឡាណានោះឡើយ ។ « ខ្ញុំចង់បញ្ជាក់ជូនរឿងមួយដែលជារឿងសំខាន់ដែលយើងត្រូវធ្វើការទាំងអស់គ្នា នោះយើងគិតថា មុខវិជ្ជាយើងមាន១៤មុខវិជ្ជា ដែលប្រៀបធៀបទៅដូចនឹង១៤ប្រភេទកីឡាអ៊ីចឹងដែរ យើងកុំគិតថា យើងធ្វើមុខវិជ្ជាណាមួយល្អជាងគេបំផុតហើយ យើងគិតថាការងារនេះជោគជ័យនោះ គឺមិនមែនទេ ដូចយើងប្រឡងអ៊ីចឹងបើសិនយើងប្រឡង៥មុខវិជ្ជា មួយបានA ប៉ុន្តែបើមុខវិជ្ជាទៀតធ្លាក់នោះ គឺមិនជោគជ័យនោះទេ បើសិនជាល្អបង្គួរទាំងអស់គ្រប់១៤មុខ នោះគឺយើងពេញចិត្តជាង ដូច្នេះការចែករំលែកបទពិសោធគ្នានៅក្នុងថ្ងៃនេះ គឺជាការចែករំលែកបទពិសោធនាពេលកន្លងមកផងដែរ» ។ សូមបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នឹងចាប់ផ្ដើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានកីឡា ១៤ប្រភេទ ត្រូវបានដាក់ឱ្យធ្វើការប្រកួតលើវិញ្ញាសាជាង ៤០០វិញ្ញាសា រួមមាន៖ កីឡាអត្តពលកម្ម, ហែលទឹក, វាយសី, ប៊ូស្យា, អុក, បាល់ទាត់បុរស(៥ម្ខាង និង ៧ម្ខាង) បាល់បោះពិការភ្នែក, យូដូ, លើកទម្ងន់, វាយកូនឃ្លីលើតុ, បាល់ទះអង្គុយ, បាល់បោះជិះរទេះ និងកីឡាអេឡិចត្រូនិក(E-Sports) ។ កាលពីកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១នៅក្នុងប្រទេសឥណ្ឌូនេស៊ី កម្ពុជាអាចដណ្ដើមបានមេដាយសរុបចំនួន២៨គ្រឿង រួមមាន៖ មេដាយមាស ៧ ប្រាក់១០ និងសំរឹទ្ធ១១គ្រឿង ៕