ព័ត៌មានជាតិ

កិច្ចពិគ្រោះយោបល់ ស្តីពីកិច្ចសហប្រតិបត្តិការណ៍អភិវឌ្ឍន៍ និងភាពជាដៃគូ នៃវិស័យឯកជននៅថ្នាក់ខេត្ត

ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចពិគ្រោះយោបល់ ស្តីពីកិច្ចសហប្រតិបត្តិការណ៍អភិវឌ្ឍន៍ និងភាពជាដៃគូ នៃវិស័យឯកជននៅថ្នាក់ខេត្ត ក្រោមអធិបតី ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ប្រឹងដោយបានការអញ្ជើញចូលរួមផងដែរ ពីឯកឧត្តម-លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក និងម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្ម សហគ្រាសក្នុងខេត្តផងដែរ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចពិគ្រោះយោបល់នេះឡើង គឺក្នុងគោលបំណងដើម្បីផ្តល់ការគាំទ្រ ដល់ការអនុវត្ត ផែនការអភិវឌ្ឍន៍ រយៈពេល ៥ឆ្នាំ ផែនការវិនិយោគ ៣ឆ្នាំរំកិល និងការអនុវត្ត ផែនការវិនិយោគប្រចាំឆ្នាំរបស់ខេត្ត តាមរយៈការបង្កើតឱ្យមានវេទិកាពិភាក្សាពិគ្រោះយោបល់ សម្រាប់តួអង្គអភិវឌ្ឍន៍នានានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងសហគមន៍មូលដ្ឋាន ដើម្បីពិនិត្យវឌ្ឍនភាពក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់រដ្ឋបាលខេត្តតាមវិស័យ និងតាមប្រធានបទជាក់លាក់ និងពិភាក្សាអំពីបញ្ហាប្រឈម និងអនុវត្តវិធានការចាំបាច់នានា ស្របតាមដែនសមត្ថកិច្ចរបស់តួអង្គអភិវឌ្ឍន៍នីមួយៗ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្តថា កិច្ចពិគ្រោះយោបល់នាពេលនេះ នឹងពិនិត្យមើលពីវឌ្ឍនភាពស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ នៃវិស័យឯកជននៅក្នុងខេត្ត ដែលបានអនុវត្តនាពេលកន្លងមក ដើម្បីឱ្យគ្រប់តួអង្គនៃការអភិវឌ្ឍនីមួយៗ មានការយល់ដឹងកាន់តែច្បាស់ និងទទួលបាននូវធាតុចូលកាន់តែច្រើនបន្ថែមទៀត ព្រមទាំងមានការចែករំលែកពីចំណាប់អារម្មណ៍ តាមរយៈបទបង្ហាញ និងកិច្ចពិភាក្សារួមគ្នាលើដំណើរការងារសំខាន់ៗនានា សំដៅស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ ឬបញ្ហាប្រឈម ពីការអនុវត្តនាពេលកន្លងមក ឱ្យទទួលបានលទ្ធផលគ្រប់ជ្រុងជ្រោយ។
ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា រដ្ឋបាលខេត្តដែលមានអនុគណៈកម្មាធិការវិនិយោគខេត្តជាសេនាធិកា នឹងរៀបចំឱ្យមានកិច្ចពិគ្រោះយោបល់ភាពជាដៃគូនៅថ្នាក់ខេត្ត ១ដងក្នុង១ឆ្នាំ ស្របតាមគោលការណ៍ណែនាំ ឬលើសពីនេះយោងតាមការចាំបាច់។
សូមបញ្ជាក់ផងដែរថា ខ្លឹមសារ នៃកិច្ចពិគ្រោះយោបល់ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ នៃវិស័យឯកជននៅថ្នាក់ខេត្ត ផ្តោតទៅលើខ្លឹមសារសំខាន់ៗដូចខាងក្រោម៖
១-លើកកម្ពស់អភិក្រមនៃ ការចូលរួមប្រកបដោយបរិយាប័ន្ន ដើម្បីពិនិត្យវឌ្ឍនភាព នៃក្របខ័ណ្ឌអភិវឌ្ឍខេត្ត និងពិភាក្សាបញ្ហាប្រឈម ព្រមទាំងកំណត់សកម្មភាពសម្រាប់ដោះស្រាយបញ្ហាប្រឈម ទាំងនោះស្របតាមដែនសមត្ថកិច្ចការងាររៀងៗខ្លួន។
២-ពង្រឹងរចនាសម្ព័ន្ធ និងសមត្ថភាពគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ខេត្ត ដើម្បីដោះស្រាយគម្លាត នៃកិច្ចអភិវឌ្ឍន៍នៅមូលដ្ឋាន និងធានាសង្គតិភាពក្នុងការធ្វើសកម្មភាពរបស់បណ្តាតួអង្គអភិវឌ្ឍន៍។
៣- ពង្រឹងគុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ តាមមូលដ្ឋានឱ្យកាន់តែប្រសើរឡើង សំដៅលើកកម្ពស់ជីវភាពរស់នៅ និងបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ។
៤- ចែករំលែកព័ត៌មានប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាពរវាងតួអង្គអភិវឌ្ឍន៍ទាំងអស់ ដែលបានផ្តល់ការគាំទ្រ ឬអនុវត្តសកម្មភាពនៅតាមមូលដ្ឋាន និងបំពេញបន្ថែមឱ្យយន្តការដទៃទៀតដែលកំពុងអនុវត្តនៅរដ្ឋបាលខេត្ត ។