សម្តេចក្រឡាហោម ស ខេង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោធសមិទ្ធិផលថ្មីៗ និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ ដែលមានសិស្សនគរបាលជ័យលាភី ចំនួន១៨៥នាក់ នៃសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ។
ពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ស្តេហ្វេន អេនតុន មេសសេរឺ (Stefan Anton Messerer) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយក ឯកឧត្តម ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម-ត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀត។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរយ៉ាងខ្លាំងចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់របស់បណ្ឌិត្យសភានគរបាលកម្ពុជា សាលានគរបាលជាតិភូមិភាគ២ និងសាលានគរបាល ភូមិភាគផ្សេងៗទៀតក្នុងពេលជាមួយគ្នា ដោយសារតែគំនិតដឹកនាំនិងច្នៃប្រឌិតខ្ពស់របស់ថ្នាក់ដឹកនាំបណ្ឌិត្យសភា និងការវិវឌ្ឍរីកចម្រើននេះបានឆ្លើយតបនឹងតម្រូវការនៃការបណ្តុះបណ្តាលនគរបាលជាតិក្នុងយុគសម័យនៃសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាស់វៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
សម្ដេចក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបាន ចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជានិងសាលានគរបាល ជ័យលាភីទាំងអស់ដែលបានខិតខំសិក្សាទទួលបានជោគជ័យ។ សម្ដេចក្រឡាហោមបានថ្លែងកោតសរសើរដល់ក្មួយៗជាសិស្សនគរបាលជ័យលាភីទាំងអស់យកចំណេះដឹងនិងជំនាញទៅប្រើប្រាស់ឱ្យមានប្រយោជន៍ដល់អង្គភាពនិងសង្គមជាតិ។ ក្នុងឱកាសនោះដែរ សម្តេចក៏បានផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្រសិក្សាដល់តំណាងសិស្ស នគរបាលជ័យលាភីចំនួន១០រូប និងលិខិតថ្លែងអំណរគុណដល់សប្បុរសជនចំនួន៨រូប ផងដែរ៕