ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុង ពិធីបើកវគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល

ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានរៀបចំពិធីបើកវគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

ពិធីនេះមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងនគរបាលខេត្ត លោក លោកស្រីនាយ នាយរងការិយាល័យ លោកអធិការនគរបាលក្រុង/ស្រុកទាំង០៨ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ និងសិក្ខាកាម សរុបវត្តមានចំនួន ៣០២នាក់ ស្រី ៨៩នាក់។
វគ្គបំប៉ននេះ សិក្ខាកាមត្រូវបានសិក្សាលើមេរៀនចំនួន ១០មេរៀន រួមមាន៖
១- តួនាទី ភារកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល។
២- ការងារស្រាវជ្រាវជាមូលដ្ឋានបម្រើអោយកិច្ចការសន្តិសុខ។
៣- ក្បួននីតិវិធីប្រតិបត្តិការរបស់ប៉ុស្តិ៍នគរបាលយុត្តិធម៌។
៤- ច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន។
៥- វិធានការទប់ស្កាត់ការជួញដូរមនុស្ស និងការពារអនីតិជន។
៦- កំណត់ត្រាទិន្នន័យបទល្មើសព្រហ្មទណ្ឌ និងការអនុវត្តគោលនយោបាយភូមិ-ឃុំ/សង្កាត់មានសុវត្ថិភាព។
៧- ការងារនគរបាល និងសហគមន៍
៨- ការងារអត្តសញ្ញាណកម្ម
៩- ការងារបង្ការ និងពន្លត់អគ្គិភ័យ។
១០- ច្បាប់ចរាចរណ៍ផ្លូវគោក។