ខេត្តកំពង់ស្ពឺ ៖ ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៦:០០នាទីល្ងាច លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ចាត់ឲ្យលោកវរសេនីយ៍ឯក ហុង ម៉េងហួត មេបញ្ជាការរង នាយសេនាធិការ ដឹកនាំប្រជុំជួរត្រួតពិនិត្យកម្លាំងជាក់ស្តែង សម្ភារៈបរិក្ខារ និងមធ្យោបាយដឹកជញ្ជូន ពង្រឹងការងារប្រចាំបញ្ជា-ប្រចាំការ មណ្ឌលប្រតិបត្តិការ ប្រចាំការអង្គភាព និងការងារបញ្ជូនសារ និងផ្សព្វផ្សាយផែនការត្រៀមចំនុចខ្ពស់២៤ម៉ោង លើ២៤ម៉ោង។ លោកវរសេនីយ៍ឯក មេបញ្ជាការរង នាយសេនាធិការ បានផ្សព្វផ្សាយនូវបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ដល់ការិយាល័យជំនាញ ត្រូវយកចិត្តទុកដាក់លើការជំនាញរបស់ខ្លួនឲ្យបានខ្ពស់ កម្លាំងទាំងអស់រួមទាំងកម្លាំងតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ត្រូវត្រៀមចំនុចខ្ពស់ រងចាំបទបញ្ជា ទទួលបទបញ្ជា និងអនុវត្តបទបញ្ជា។


