ខេត្តកំពត ៖ ពិធីចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ ២៥គ្រួសារ និងសម្ពោធជាផ្លូវការ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំត្រមែង ស្រុកឈូកខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម ចាយ សាំងយុន សមាជិកគណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយខេត្តកំពត និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកឈូក និងឯកឧត្តមបណ្ឌិត ហ៊ុន សុខា អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត និងជាប្រធានក្រុមការងារចុះជួយយុវជនគណបក្សប្រជាជនកម្ពុជាស្រុកឈូក ដោយមានការចូលរួមពីប្រធាន អនុប្រធាន និងសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាស្រុកឈូកផងដែរ។
ជាកិច្ចចាប់ផ្តើម លោកស្រី ជួន សុខា ប្រធានគណបក្សឃុំ បានធ្វើសេចក្តីថ្លែងអំពីវឌ្ឍនៈភាពរបស់ឃុំត្រមែង ស្រុកឈូក ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា អនុប្រធានយុវជនគណៈបក្សប្រជាជនកម្ពុជាខេត្តកំពត និងជាប្រធានក្រុមការងារចុះជួយយុវជនគណបក្សប្រជាជនកម្ពុជាស្រុកឈូក បានធ្វើការសំណេះសំណាលប្រជាពលរដ្ឋ និងពន្យល់អំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាទាំង១៨ចំណុច និងណែនាំឲ្យប្រជាពលរដ្ឋ នាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅលេខរៀងចុងក្រោយបង្អស់ ទី១៨ ដែលមានរូបទេវតាបាចផ្កាជាសម្គាល់ ។
ឯកឧត្តមបន្តទៀតថា ថ្នាក់ដឹកនាំគណបក្សប្រឆាំង ជាពិសេសគឺ ទណ្ឌិត សម រង្សុី គឺអស់ផ្លូវហើយ ព្រោះថា សកម្មជនសកម្មជនគណបក្សភ្លើងទៀន និងអតីតសកម្មជនគណបក្សសង្គ្រោះជាតិ គឺបានលាលែង និងចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដូចទឹកបាក់ទំនប់។ ក្រុមជនក្បត់ជាតិ៣ជំនាន់ គឺធ្វើនយោបាយប្រមូលតែលុយដាក់ក្នុងហោប៉ៅខ្លួនតែប៉ុណ្ណោះ នៅពេលដែលមានបញ្ហា គឺមិនដែលមកជួយប្រជាជននោះទេ គឺមានតែរត់យករួចខ្លួនប៉ុណ្ណោះ។ ឯកឧត្តមបានផ្តាំផ្ញើរទៀតថា យុវជន គឺជាកម្លាំងមួយសម្រាប់កសាងសង្គមជាតិនៅពេលអនាគត ដូចដែលសព្វថ្ងៃ គឺជាសមិទ្ធិផលយុវជនជំនាន់មុន ។
ជាកិច្ចបញ្ចប់ ឯកឧត្តម ចាយ សាំងយុន សមាជិកគណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយខេត្តកំពត និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកឈូក បានសំណេះសំណាល និងពន្យល់ប្រជាពលរដ្ឋទៀតដែរថា ក្រុមការងារទាំងអស់ គឺចំណាយពេលវេលា និងថវិកាទាំងអស់របស់ឯកឧត្តមផ្ទាល់ គឺដើម្បីផលប្រយោជន៍ប្រជាជន ផលប្រយោជន៍សង្គម និងផលប្រយោជន៍ប្រទេសជាតិ ។ ឯកឧត្តមបានបន្តថា ប្រជាជនកម្ពុជាពិតជាមានសំណាង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រទេស បានរួចផុតពីរបបប្រល័យពូជសាសន៍ និងអភិវឌ្ឍន៍បានមកដល់សព្វថ្ងៃ។