ខេត្តមណ្ឌលគិរី ៖ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានអញ្ជើញជាអធិបតីក្នុង ពិធីបើកវគ្គណ្តុះបណ្តាល វគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលដល់មន្ត្រីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាល នាព្រឹកថ្ងៃច័ន្ទ ២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។ ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី លោក/លោកស្រីស្នងការរងដែលជាគ្រូបង្គោលលោកស្នងការរង ទទួលការងារគ្រប់គ្រងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រមទាំងលោកនាយ/នាយរងការិយាល័យ កិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលលោកអធិការនៃអធិការដ្ឋាននគរបាលក្រុង ស្រុកទាំងប្រាំ និងមន្រ្តីនគរបាល ក្រោមឱវ៉ាទព្រមទាំងមន្រ្តីនគរបាលដែលជាសិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះ បណ្តាល សរុបចំនួន.១១៤ នាក់ ។
-ជាកិច្ចចាប់ផ្ដើមនៃពិធី បើកវគ្គបំប៉នជំនាញរយ:ពេលខ្លីដល់មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានមានប្រសាសន៍ថា÷ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិថ្ងៃនេះស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំបើកវគ្គបណ្តុះ បណ្តាលវគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលនិងមន្ត្រីប៉ុស្តិ៍គរបាលរដ្ឋបាលនៅក្រោម ឱវ៉ាទ។ វគ្គបណ្តុះ បណ្តាលនាពេលនេះមានរយៈពេល ចំនួន១០ថ្ងៃដោយគិតចាប់ពី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ រហូតដល់ ថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២៣ ដែលមានគ្រូបង្គោលចំនួន១០នាក់ លើខ្លឹមសាមេរៀនចំនួន១០ជំនាញ ក្នុងវគ្គបណ្តុះបណ្តាលនាពេលនេះ។ ទន្ទឹមគ្នានោះផងដែរ លោកឧត្តម សេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានមានប្រសាសន៍ សំណេះសំណាលជាមួយសិក្ខាកាមដោយថ្លែងលើកឡើងថា÷ ស្របតាមកាលៈទេសៈ នៃប្រទេសជាតិដែលមានការីកចម្រើន ទាមទារឲ្យមន្រ្តីនគរបាលទាំងអស់ត្រូវមានចំណេះដឹង និងត្រូវឆ្លងកាត់វគ្គបណ្តុះ បណ្តាលទៅលើវិស័យ ធនធានមនុស្សដើម្បីចូលរួមជ្រុំជ្រែង កសាងអភិវឌ្ឍន៍ប្រទេសជាតិអោយមានភាពរីកចម្រើនបន្ថែមទៀត ។ ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការបានមានប្រសាសន៍ណែនាំដល់ប្អូនៗដែលជាសិក្ខាកាមទាំងអស់ត្រូវ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងនៃវគ្គបណ្តុះបណ្តាលនាពេលនេះត្រូវ រក្សាភាពស្ងៀមស្ងាត់ យកចិត្តទុកដាក់ត្រង់ត្រាប់ស្ដាប់កត់ត្រានូវមេរៀន ដែលបង្ហាត់បង្ហាញបង្រៀនដោយគ្រូបង្គោល ដែលបានចែករំលែក បទពិ សោធន៍ និងបានផ្តល់នូវចំណេះដឹង ពង្រឹងសមត្ថភាពជំនាញ វិធានការជំនាញច្បាប់រដ្ឋបាលដល់ប្អូនៗ ឲ្យមានសមត្ថភាពពេញលេញពេលវិលត្រឡប់ទៅអង្គភាពវិញ អនុវត្តតួនាទីភារកិច្ចអោយចំគោលដៅ ធ្វើយ៉ាងណាថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមផ្ដល់ភាព សុខក្សេមក្សាន្ត ជូនប្រជាពលរដ្ឋ។
-មុននិងបញ្ចប់លោកឧត្តមសេនីយ៍ទោ ស្នងការសង្ឃឹមនិងជឿជាក់ថា វគ្គបណ្តុះបណ្តាលនាឱកាសនេះ និងទទួលបានលទ្ធផលជោគជ័យនិងផ្លែផ្កា ស្របតាមគោលការណ៍របស់ថ្នាក់ដឹក នាំប្រគល់ជូន និងសូមបើកវគ្គបណ្តុះបណ្តាលចាប់ពីពេលនេះតទៅ៕ ប្រភព៖ ស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី សម្រួលផ្សាយដោយ៖ គង់ សុខហេង