លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រលប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ បានអំពាវនាវសាជាថ្មីម្តងទៀត ឱ្យបងប្អូនពលករដែលទើបត្រលប់មកពីថៃសូមទាក់ទងទៅកាន់លេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារដ៏សម្បូរបែបនៅកម្ពុជា។
តាមរយៈសារអេឡិចត្រូនិក អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា កម្ពុជាកំពុងមាន តម្រូវការកម្លាំងពលកម្មប្រមាណជាង ២៥ម៉ឺនកន្លែង ខណៈដែលជារៀង រាល់សប្តាហ៍កម្ពុជាមានលទ្ធភាពបង្កើតឱកាសការងារប្រមាណជាង មួយម៉ឺនកន្លែងសម្រាប់ពលរដ្ឋក្នុងស្រុករបស់ខ្លួនតាមរយៈកំណើនសេដ្ឋកិច្ច និងកំណើននៃការវិនិយោគ។
លោក ស៊ុន មេសា បានឱ្យដឹងថា បើបូកសរុបទាំងឱកាសការងារដែលកំពុង មានស្រាប់នៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស និងឱកាសការងារដែលនឹង បន្តមានជាបន្តបន្ទាប់តាមរយៈការវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កម្ពុជាមានឱកាសការងារសរុបជាង ៥៥ម៉ឺនកន្លែង។ដូចនេះ លោកអំពាវនាវឱ្យបងប្អូនពលករខ្មែរដែលទើបមកពីថៃ សូមស្វែងរកការងារនៅគ្រប់ខេត្តក្រុង ជាពិសេសរាជធានីភ្នំពេញ ស្វាយរៀង កំពង់ស្ពឺ តាកែវ និងព្រះសីហនុជាដើម៕


