ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​ បានផ្តល់កាដូថ្មី មួយទៀត ជួយជួសជុល និងថែទាំ ផ្លូវជាតិលេខ២៣ ឡើងវិញ សំរាប់ជួយសំរួល បំរើការធ្វេីដំណេីរ​ និងដឹកជញ្ជន ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ខេត្តកណ្តាល

ស្រុកកោះធំ៖​ ថ្លែងក្នុងពិធី បើកការដ្ឋានគំរោងលើកកំរឹត ជួសជុលនិងថែទាំកំណាត់ផ្លូវជាតិលេខ២៣ ស្ថិតនៅស្រុកកោះធំ ខេត្តកណ្តាល នាថ្ងៃទី២០មិថុនានេះ ឯកឧត្តម​ អគ្គបណ្ឌិត​ សភាចារ្យ​ អូន ពន្ធ័មុនីរត្ន័​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ​ តំណាងដ៍ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា៖ រាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់ជាកាដូ​ថ្មី មួយទៀត​ ជាចំណងដៃ​ ជូនប្រជាពលរដ្ឋ​ ស្រុកកោះធំ​ ដោយលើកគំរោង កំរឹតជួសជុល និងថែទាំឡើងវិញ កំណាត់ផ្លូវជាតិលេខ ២៣ ប្រវែងជិត២០គម ដែលតភ្ជាប់ ពីឃុំជ្រោយតាកែវ ឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ រហូតដល់ ឃុំពាមរាំង ស្រុកលើកដែក ប្រយោជន៍ដើម្បី ជួយសំរួលដល់ការធ្វើដំណើរឆ្លងកាត់ និងការដឹកជញ្ជូនមានភាពងាយស្រួល ដល់ប្រជាពលរដ្ឋ នៅតំបន់នោះ។

នាឱកាសនោះ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ បន្តថា៖ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត របស់សម្តេចតេជោហ៊ុនសែន បានធ្វើឲ្យ ប្រទេសជាតិ មានសុខសន្តិភាព មានស្ថេរភាពនយោបាយ មានការអភិវឌ្ឍ រីកចំរើនគ្រប់វិស័យ និងបានធ្វើអោយ ជីវភាពរស់នៅរបស់ប្រពលរដ្ឋ មួយថ្ងៃទៅមួយថ្ងៃ កាន់តែប្រសើរឡើង។
តាមប្រសាសន៍ របស់ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ អោយដឹងថា៖កំណាត់ផ្លូវជាតិលេខ២៣ ដែលបើកការដ្ឋាន នាឱកាសនេះ ជាគម្រោងស្ថិតក្រោម ឥណទានសម្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សរុបប្រមាណ ២១លានដុល្លារ ដោយត្រូវស្ថាបនា ជា ២គន្លងទៅ និង២គន្លងមក និងពង្រីក ទទឹងតួផ្លូវ ប្រវែង ១១ម៉ែត្រ និងក្រាលកៅស៊ូ AC កម្រាស់ ៨សង់ទីម៉ែត្រ លើទទឹងតួផ្លូវប្រវែង ១០ម៉ែត្រ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី អោយដឹងទៀតថា៖ ជាមួយគ្នានេះ គម្រោងក៏នឹងស្ថាបនាផងដែរនូវស្ពានចំនួន ៤កន្លែង លូមូលកាត់ទទឹងផ្លូវចំនួន ៣៣កន្លែង លូប្រអប់កាត់ទទឹងផ្លូវចំនួន ១៧កន្លែង និងលូមូលអមសងខាងផ្លូវប្រវែង ១ ៥៥៨ម៉ែត្រ ព្រមទាំងការបំពាក់ផ្លាកសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ផងដែរ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី អោយដឹងផងដែរថា៖ កំណាត់ផ្លូវជាតិលេខ២៣នេះ គឺជាខ្សែផ្លូវ ដ៏មានសក្តានុពល និងមានភាពប្រទាក់ក្រឡា តភ្ជាប់ជាមួយ ផ្លូវជាតិលេខ២១B និងផ្លូវជាតិលេខ២១ ឆ្ពោះទៅកាន់ទិសដៅរាជធានីភ្នំពេញ និងព្រំដែនកម្ពុជា-វៀតណាម(ជ្រៃធំ-ឡុងប៊ិញ) និងតភ្ជាប់ជាមួយ ផ្លូវជាតិលេខ១៤ ទិសដៅអ្នកលឿង ខេត្តព្រៃវែង និងព្រំដែនកម្ពុជា-វៀតណាម(ក្អមសំណ-វិញសឿង) និងតភ្ជាប់ជាមួយ បណ្តាញខ្សែផ្លូវ ផ្សេងៗដទៃទៀត នៅក្នុងតំបន់នេះ។
គួរបញ្ជាក់ថា៖គម្រោងនេះ ត្រូវអនុវត្តការសាងសង់ ដោយក្រុមហ៊ុន Heng Sambat Co., Ltd Import Export Transportation and Construction ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ខែ និងរយៈពេលថែទាំចំនួន ៣៦ខែ សម្រាប់ការសាងសង់ ការបោសសម្អាត គ្រាប់មីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ រួមជាមួយនឹង ថវិកាបដិភាគ របស់រាជរដ្ឋាភិបាល សម្រាប់ការដោះស្រាយផលប៉ះពាល់ ផងដែរ៕