នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានរៀបចំពិធីក្រុងពលីតាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី លោកយាយពេញ សូមសេចក្តីសុខចម្រើនកើតមានដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ នាឱកាសឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។
លោក ជុំ វុឌ្ឍី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយមានការណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈកំពុងមមាញឹកក្នុងការរៀបចំសង្រ្កានវត្តភ្នំ ដើម្បីផ្តល់ឱកាសជូនបងប្អូន ប្រជាពលរដ្ឋយើងបានមកលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋលេងសប្បាយចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង ៨យប់ ចំនួន៣ថ្ងៃ គឺពីថ្ងៃទី១៤ ដល់ថ្ងៃ១៦ខែមេសា ឆ្នាំ២០២៣ ជាមួយនិងការរៀបចំឱ្យមានល្បែង របាំប្រជា ប្រិយខ្មែរ, ការប្រគំតន្ត្រីបុរាណសម័យច្រើនទម្រង់។
លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា ពេលនេះយើងបានរៀបចំលើកខ្លោងទ្វារ សម្រាប់វត្តភ្នំសង្រ្កាន្ត ក៏ដូចជាការរៀបជាស្តង់ផលិតផលតាមបែបភូមិមួយផលិតផល មួយជាង៤០ស្តង់, មានដង្ហែព្រះបដិមាករនៅថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំ ដើម្បីស្រង់ ព្រះទៅ តាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនាផងដែរ។
លោក ជុំ វុឌ្ឍី បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋមកលេងកម្សាន្តវត្តភ្នំសង្រ្កាន្ត ឱ្យ បានច្រើកុះករ និងចូលរួមសម្អាតបរិស្ថាន អនាម័យឱ្យបានស្អាតកុំបោះចោលសំរាម កាក សំណល់ផ្សេងៗពាសវាលពាសកាល ដែលនាំទៅដល់បាត់បង់សណ្តាប់ធ្នាប់ សោភណ ភាពទីក្រុងរបស់យើង និងត្រូវថែទាំសុខភាពកុំធ្វេសប្រហែសពិសេសជំងឺកូវីដ.១៩។ ទោះបី កន្លងមកមានការថយចុះច្រើនពិតមែន តែវាមិនមានន័យថា ជំងឺកូវីដ១៩ បាត់ អស់នោះទេ តែមកពីយើងខ្លាំង ព្រោះយើងបានចាក់វ៉ាក់សាំងគ្រប់ដូស។
លោកបន្តថា ការរៀបចំសង្រ្កាន្តនេះ ក្នុងគោលបំណងលើកតម្កើង វប្បមធ៌ប្រពៃណី ជាតិដែលមានយ៉ាងសម្បូរបែប ផ្តល់ឱកាសសប្បាយរីករាយដល់ប្រជាពលរដ្ឋមក ពីគ្រប់មជ្ឈ ដ្ឋាន និងរួមចំណែកទាក់ទាញ់ភ្ញៀវទេសចរឱ្យចូលមកលេងកម្សាន្តកាន់តែច្រើនក្រោមម្លប់នៃ សន្តិភាពពេញផ្ទៃប្រទេស៕