អាជ្ញាធររាជធានីភ្នំពេញ បានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជា ពលរដ្ឋចំនួនជាង២០៦គ្រួសារ នៅក្នុងសង្កាត់ទូលសង្កែទី២ ខណ្ឌឫស្សីកែវ ក្រោយពី អាជ្ញាធររាជធានី បានធ្វើការដោះស្រាយវិវាទរហូតបានជោគជ័យ និងឈានដល់ការ ធ្វើប្លង់កម្មសិទ្ធិស្របច្បាប់ជូនពួកគាត់បានរួចរាល់។
ពិធីប្រគល់ និងទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះបានធ្វើឡើង នាព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោមវត្តមាន លោក សារិន វណ្ណា ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ នៅ ទីស្នាក់ការ រដ្ឋបាលសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។
លោក ឯក ឃុនដឿន ក្នុងឱកាសនោះ បានលើកឡើងពីស្ថានភាពទូទៅនៅក្នុងមូល ដ្ឋាន ខណ្ឌឫស្សីកែវ ដោយខណ្ឌនេះ មានប្រជាពលរដ្ឋរស់នៅចំនួន ១៩១ ២៧២នាក់ ក្នុងនោះ អាជ្ញាធរបានរក្សានូវសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ជាមួយនឹងការបម្រើសេវាជូនប្រជាពលរដ្ឋ តាមរយៈច្រកចេញចូលតែមួយបានលឿន និងមានតម្លាភាពផងដែរ។
បញ្ហាដីធ្លី គឺជាបញ្ហាដ៏ស្មុគស្មាញមួយ ហើយតាមការណែនាំ ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌឫស្សីកែវ បានធ្វើការ ដោះស្រាយវិវាទដីធ្លីនេះជាបន្តបន្ទាប់ រហូតឈានដល់ការធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ ជូនពួកគាត់។
លោក សារិន វណ្ណា បានមានប្រសាសន៍ថា ដីខាងលើនេះ ត្រូវបានរដ្ឋលក់ឱ្យ មន្ត្រីរាជការក្រុងភ្នំពេញ ១ឡូត៍ ទំហំ២០ គុណនិង ៣០ម៉ែត្រ ក្នុងតម្លៃ២៥ម៉ឺនរៀល តាំងពីទសវត្សទី៩០មក។ ក្នុងឆ្នាំ២០០០ ក៏បានកើតឡើងជាវិវាទដីធ្លី ហើយត្រូវបានអាជ្ញាធរ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ធ្វើការ សម្របសម្រួល និងដោះស្រាយជាមួយប្រជាពលរដ្ឋជាបន្តបន្ទាប់ រហូតឈានដល់ការ បញ្ចប់វិវាទទាំងស្រុង និងបានផ្ដល់កម្មសិទ្ធិស្របច្បាប់ទាំង២០៦គ្រួសារនៅពេលនេះ។ បងប្អូន អាចយកប័ណ្ណកម្មសិទ្ធិនេះ ទៅប្រើប្រាស់បានគ្រប់បែបយ៉ាង ទាំងលក់ ទាំងបញ្ចាំ និងការធ្វើអ្វីផ្សេងៗទៀត ដើម្បីបង្កើននូវជីវភាពរស់នៅរបស់បងប្អូន៕