ព័ត៌មានជាតិ

អាជ្ញាធរខេត្តតាកែវត្រៀមកម្លាំងនគរបាលជាង១៦០០នាក់ ក្នុងការសម្រួលសណ្តាប់ធ្នាប់នៅថ្ងៃបោះឆ្នោតជាតិនីតិកាលទី៧ ខាងមុខនេះ

អាជ្ញាធរខេត្តតាកែវត្រៀម កម្លាំងនគរបាលជាង១៦០០នាក់ ក្នុងការសម្រួលសណ្តាប់ធ្នាប់នៅថ្ងៃបោះឆ្នោតជាតិនីតិកាលទី៧ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខ ដើម្បីឱ្យដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហឹង្សា និងប្រកបដោយតម្លាភាពអាចទទួលយក។

  ថ្លែងប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវបានឱ្យដឹងថា នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ដែលមានរយៈពេល២១ថ្ងៃ ក្នុងនោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានប្រើប្រាស់កម្លាំងនគរបាល មានចំនួនជាង១១០០នាក់ ដោយក្នុងមួយឃុំ បានប្រើប្រាស់កម្លាំងនគរបាលចំនួន ៧នាក់និងមួយស្រុកមានចំនួនជាង២០នាក់ ដើម្បីសម្រួលចរាចរណ៍ជូនគណបក្សនយោបាយមិនឱ្យមានការកកស្ទះ និងមានភាពល្អប្រសើរ ដោយមិនមានបញ្ហាអ្វីកើតឡើងអំឡុងពេលឃោសនា។ លោកបន្ថែមថា  សម្រាប់ក្នុងថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧នាពេលខាងមុខនេះ  ស្នងការដ្ឋាននគរបាលខេត្តបានត្រៀមកម្លាំងនគរបាលការពារ ជាង១៦០០នាក់  ហើយក្នុងនោះក៏មាន កម្លាំងប្រជាការពារមាន ចំនួន១១០០នាក់ និងកម្លាំងជាច្រើនផ្សេងទៀត  ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ គណបក្សនយោបាយ អ្នកអង្កេតការណ៍ជាតិនិងអន្តរជាតិ និងមន្ត្រីប្រចាំការនៅមណ្ឌលបោះឆ្នោត ឱ្យមានភាពងាយស្រួលលឿនរហ័សមិនមានការកកស្ទះនិងមិនមានការភ័យខ្លាច។

   «នៅទូទាំងខេត្តគឺមានការិយាល័យបោះឆ្នោតសរុបចំនួន ១៥៩៥ការិយាល័យ ដូចនេះ    ស្នងការដ្ឋាននគរបាលខេត្តបានត្រៀមកម្លាំងនគរបាលការពារក្នុងដំណើរការបោះឆ្នោតជាង១៦០០ នាក់  ហើយក្នុងនោះក៏បានដាក់កម្លាំងប្រជាការពារមានចំនួន ១១០០នាក់ មិនតែប៉ុណ្ណោះខេត្តក៏បានត្រៀមកម្លាំងអន្តរាគមន៍ចំនួន១២០នាក់  កម្លាំងយោធា ១០០នាក់ អាវុធហត្ថ១០០នាក់ និងកម្លាំងកងពល៣១ ចំនួន ១០០នាក់។»

  សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣

នេះ មានគណបក្សនយោបាយចំនួន១៨ចូលរួមប្រកួតប្រជែង ដើម្បីដណ្តើមអាសនៈក្នុងរដ្ឋសភាចំនួន១២៥កៅអី ក្នុងចំណោមប្រជាពលរដ្ឋជាអ្នកបោះឆ្នោតសរុបជាង៩លាន៧១ម៉ឺននាក់។

គណបក្សនយោបាយទាំងនោះមានដូចជា៖ គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សធម្មាធិបតេយ្យ, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរតែមួយ, គណបក្សខ្មែរអភិរក្ស, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សបំណងពលរដ្ឋ, គណបក្សឯកភាពជាតិខ្មែរ, គណបក្សស្រ្តីដើម្បីស្រ្តី, គណបក្សខ្មែរឈប់ក្រ, គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច, គណបក្សចលនាជាតិប្រជាធិបតេយ្យកម្ពុជា,គណបក្សកសិករ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន៕