ខេត្តស្ទឹងត្រែង៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ជំរុញឱ្យអ្នក បច្ចេកទេសពង្រីកការតបណ្តាញទឹកស្អាតទៅកាន់ទីតាំងប្រជាពល រដ្ឋរស់នៅឱ្យបានច្រើន ជាពិសេសតភ្ជាប់ទៅកាន់ស្រុកសៀមបូក ខណៈដែលផែនការនេះក្រសួងនឹងប្រើប្រាស់កម្ចីហិរញ្ញប្បទានឥណ ទានរបស់ធនាគារអភិវឌ្ឍអាស៊ីហៅកាត់ថា A D B ឬក៏ស្នើសុំថវិការបស់រាជរដ្ឋាភិបាលផ្ទាល់តែម្ដង ។
ក្នុងពិធីប្រកាសតែងតាំងជាផ្លូវការ អគ្គនាយកនិងក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកស្ទឹងត្រែងនៅសាលាខេត្តថ្ងៃទី១២ខែកក្កដាឆ្នាំ ២០២៣ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍មាន ប្រសាសន៍ថា៖បណ្តាញទឹកស្អាតយើងមិនទាន់ពង្រីកបានទូលាយនៅឡើយទេ ហើយការផលិតទឹកស្អាតបានបរិមាណច្រើន ដូច្នេះត្រូវតបណ្តាញទៅតាមបណ្តាស្រុកបន្ថែមទៀត ឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ មួយវិញទៀតបើយើងគ្មានទឹកស្អាត ក៏យើងមិនអាចទាក់ទាញភ្ញៀវទេសចរមកលេងស្រុកខេត្តយើងបានដែរ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រីមានប្រសាសន៍បន្ថែមថា៖ផែនការពង្រីកបណ្តាញទឹកនេះក្រុម ប្រឹក្សាភិបាលនៃរដ្ឋាករទឹកត្រូវពង្រីកឱ្យបានឆាប់ ដើម្បីធ្វើឱ្យសម្រេចផែន ការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលឆ្នាំ២០៣០ប្រជាជនយើងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រួសារ ហើយម្យ៉ាងទៀតទីតាំងទឹកស្អាតដែលយើងបានធ្វើហើយនោះ នៅមាន លទ្ធភាពពង្រីកបានបន្ថែមទៀត។
«ហើយអ្វីដែលយើងកសាងគម្រោងរដ្ឋាករទឹកនៅទីនេះ ខ្ញុំលើកគម្រោងសម្រាប់ ៣០ ឆ្នាំទៅមុខ អ៊ីចឹងហើយទីទួលដែលយើងធ្វើហ្នឹង យើងនៅសល់ដីសម្រាប់ធ្វើរោងចក្រមួយទៀត ដើម្បីបង្កើនសមត្ថភាពមួយជាពីរឥឡូវនេះយើងប្រើតែពាក់កណ្ដាលនៅក្នុងផែនការទេ តែ ៣០ ឆ្នាំទៅមុខទៀត យើងត្រូវមានមួយទៀតសម្រាប់តហួសទៅដល់ឆ្ងាយ »។
លោក ប៊ុន ចាន់គង់ អគ្គនាយករដ្ឋាករទឹកស្ទឹងត្រែង បានបញ្ជាក់ថា ៖ លោកទទួលអនុវត្តការណែនាំនេះនិងរួមគ្នាចុះទៅសិក្សាជាក់ស្តែងនៅតាមភូមិសាស្ត្រស្រុកសៀមបូក ក្នុងពេលដ៏ឆាប់នេះ ដើម្បីពន្លឿនរៀបចំតបណ្តាញ សម្រាប់ប្រជា ពលរដ្ឋរស់នៅតាមតំបន់គោលដៅ មានទឹកស្អាតប្រើប្រាស់បានឆាប់និងបានជួយលើកកម្ពស់ផ្នែកសុខភាពរស់នៅផង។
សូមបញ្ជាក់ថា៖ស្ថានីយទឹកស្អាតដ៏ធំនៅក្នុងក្រុងស្ទឹងត្រែង បច្ចុប្បន្នបានពង្រីកបណ្តាញចេញពីទីក្រុងទៅស្រុកថាឡា ស្រុកសេសាន និងកំពុងពន្លឿនការតភ្ជាប់ទៅស្រុកសៀមបូកមួយទៀត នៅចុងឆ្នាំ២០២៣នេះ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋរស់នៅតំបន់នោះ ប្រមាណជាង៦.០០០គ្រួសារបន្ថែមទៀត៕