ព័ត៌មានជាតិ

សត្វដំរីព្រៃនៅកម្ពុជានឹងត្រូវរៀបចំដាក់ប្រឡៅក ដើម្បីតាមដានការបន្លាស់ទី

ក្រសួងបរិស្ថាន និងអង្គការមូលនិធិធម្មជាតិសកល ហៅកាត់ WWF អះអាងថា នឹងមានការរៀបចំដាក់ប្រឡៅកលើសត្វដំរីព្រៃ ដែលមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជា ដើម្បីតាមដានការបន្លាស់ទី និងប្រមូលទិន្នន័យសម្រាប់ការងារអភិរក្ស ព្រមទាំងសិក្សាលើប្រភេទDNA ខណៈចំនួនរបាយការណ៍នៃថនិកសត្វប្រភេទនេះ ត្រូវបានប៉ាន់ស្មានស្ថិតក្នុងចន្លោះពី៤០០ទៅ៦០០ក្បាល។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា ក្រសួងបរិស្ថាន បាននិងកំពុងសហការជាមួយអង្គការWWFលើការដាក់ប្រឡៅ ក លើសត្វដំរីព្រៃ ដើម្បីធ្វើការតាមដានការបន្លាស់ទីរបស់សត្វដំរី នៅតំបន់ការពារធម្មជាតិ។ ការដាក់ប្រឡៅកលើសត្វដំរី គឺដើម្បីឱ្យដឹងថា សត្វដំរីទាំងអស់នោះធ្វើដំណើរបន្លាស់ទីទៅកន្លែងណាខ្លះ និងដើម្បីប្រមូលឱ្យមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់ការពារ និងអភិរក្ស។ លើសពីនេះ ក៏ដើម្បីធ្វើការសិក្សាពីប្រភេទDNA របស់ពួកវា និងការសិក្សាផ្សេងៗលើបញ្ហាជម្លោះរវាងសត្វដំរីព្រៃ និងមនុស្ស។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្នុងអំឡុងពេលធ្វើយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នៅទីរួមខេត្តពោធិ៍ សាត់កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម បានបញ្ជាក់ដោយការកត់សម្គាល់ថា បទល្មើសនៃការបរបាញ់សត្វដំរីនៅក្នុងតំបន់ជួរភ្នំក្រវាញលែងមានទៀតហើយ ប៉ុន្តែអន្ទាក់នៅតែជាបញ្ហាប្រឈមចំពោះសត្វដំរីព្រៃ។

បើតាមការបញ្ជាក់របស់លោក ទុយ សេរីវឌ្ឍនា នាយកកម្មវិធីប្រចាំអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (WEA) បានឱ្យដឹងថា កាលពីឆ្នាំ២០២២ តាមរយៈរូបភាពបង្ហាញពីកាំមេរ៉ាស្វ័យប្រវត្តិ មានដំរីព្រៃជាច្រើនមានសុខភាពល្អ ប៉ុន្តែមានបញ្ហាមួយដែលធ្វើឱ្យអ្នកអភិរក្សមានការព្រួយបារម្ភនោះគឺ ឃើញមានដំរីព្រៃជាច្រើនជើងជាប់អន្ទាក់។ លោករំពឹងថា តាមរយៈយុទ្ធនាការអន្ទាក់សូន្យនៅតាមតំបន់ការពារធម្មជាតិ នឹងក្លាយជាក្តីសង្ឃឹមជាថ្មីបន្ថែមទៀត សម្រាប់សត្វព្រៃគ្រប់ប្រភេទ ជាពិសេសហ្វូងសត្វដំរីព្រៃ។

យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន បានបង្ហាញថា វត្តមានសត្វដំរីក្នុងដែនជម្រកសត្វព្រៃឡង់ បង្ហាញពីសន្តិភាព និងសុវត្ថិភាពនៃតំបន់ការពារធនធានធម្មជាតិនេះ ខណៈចំនួនសត្វដំរីអាស៊ីនៅកម្ពុជា ត្រូវបានប៉ាន់ប្រមាណមានចន្លោះពី៤០០ ទៅ៦០០ក្បាល នៅក្នុងតំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់ជួរភ្នំក្រវាញ និងភាគឦសាន។

ក្រសួងបរិស្ថាន និងអង្គការដៃគូ បានប្ដេជ្ញាថា នឹងការពារសត្វដំរីក្នុងប្រទេសកម្ពុជាពីការគំរាមរបស់មនុស្ស ដោះស្រាយជម្លោះរវាងមនុស្សនិងដំរី និងការពារព្រៃ អភិរក្សតំបន់ការពារធម្មជាតិ ដើម្បីផ្ដល់ជម្រកសុវត្ថិភាពសម្រាប់សត្វដំរីអាស៊ី។

តាមការប៉ាន់ស្មានផែនការសកម្មភាពរយៈពេល១០ឆ្នាំ គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ ដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនៅកម្ពុជា គឺត្រូវការថវិកាចំនួន៤០,៥លានដុល្លារអាមេរិក ដែលគម្រោងថវិការំពឹងថា នឹងបានមកពីប្រភពរួមបញ្ចូលគ្នាទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។ ការងារអាទិភាពរួ ម មាន៖ ការកាត់បន្ថយការបាត់បង់ទីជម្រក, អភិរក្សនិងតភ្ជាប់ច្រករបៀង និងហ្វូងដំរីព្រៃឡើងវិញ, ពង្រឹងការអនុវត្តន៍ច្បាប់, បង្ការមិនឱ្យមានការចាប់ដំរីព្រៃមកចិញ្ចឹម, បន្ធូរបន្ថយជម្លោះរវាងសត្វដំរីព្រៃ និងមនុស្ស, អប់រំផ្សព្វផ្សាយ និង សិក្សាស្រាវជ្រាវនិងតាមដានត្រួតពិនិត្យចំនួនដំរីអាស៊ី៕