ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលា ស្ដីពីការចូលរួមប្រឹក្សា និងពិគ្រោះយោបល់ជាសាធារណៈ ទៅលើលទ្ធផល នៃការសិក្សាវាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ដោយបានការអញ្ជើញចូលរួមពីតំណាងក្រសួងបរិស្ថាន តំណាងក្រុមហ៊ុនសាងសង់ បណ្ដាមន្ទីរពាក់ព័ន្ធនានា និងរដ្ឋបាលស្រុកល្វាឯមផងដែរ។
ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាលមានប្រសាសន៍ថា៖ ក្នុងនាមរដ្ឋបាលខេត្តកណ្ដាល បានសំដែងនូវការអបអរសាទរ ជាអនេកដល់ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល ដែលលោកតែងខិតខំធ្វើការអភិវឌ្ឍគ្រប់វិស័យ ដើម្បី លើកស្ទួយសេដ្ឋកិច្ចកម្ពុជាយើងឱ្យកាន់តែរីកចម្រើន និងតាមទាន់សេដ្ឋកិច្ចប្រទេសក្នុងតំបន់។អង្គសិក្ខាសាលាដែលប្រារព្ធធ្វើនៅពេលនេះបានបង្ហាញលទ្ធផលស្តីពីការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ នៃគម្រោង ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ដែលឆ្លងកាត់ខេត្តកណ្តាល។
ឯកឧត្តមបានបន្តទៀតថា៖ វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាកត្តាមួយដែលខានមិនបានសម្រាប់ការអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិឱ្យកាន់តែមានភាពរីកចម្រើន។ ក៏ប៉ុន្តែ ដើម្បីឱ្យការអភិវឌ្ឍមួយមានតុល្យភាព និងរឹងមាំ យូអង្វែង ត្រូវតែមានការសិក្សាឱ្យបានល្អិតល្អន់ពីគ្រប់ជំនាញស្ថាប័នពាក់ព័ន្ធ ជាពិសេសត្រូវមាន ការសិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម(EIA) ដែលការសិក្សានេះស្ថិតក្រោមការ ត្រួតពិនិត្យរបស់ក្រសួងបរិស្ថាន។
ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជា បណ្តាញផ្លូវថ្នល់ (ផ្លូវជាតិ ផ្លូវខេត្ត) ផ្លូវលំជនបទ ស្ពាន បាននាំឱ្យមានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងការធ្វើដំណើរទៅមក ការដឹកជញ្ចូនឥវ៉ាន់ ទំនិញ និងសម្ភារផ្សេងៗ។ ការសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅបាវិតនេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើផ្លូវជាតិលេខ១ ដែលកំពុងតែមានចរាចរណ៍យ៉ាងមមាញឹក។ ដោយឡែក សម្រាប់ខេត្តកណ្តាលយើងនេះ តំបន់ដែលគម្រោងឆ្លងកាត់មួយចំនួននៅមិនទាន់មាន ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នផ្លូវ-ថ្នល់ឱ្យបានល្អប្រសើរនៅឡើយទេ។
ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តបានបញ្ជាក់បន្ថែមទៀតថា៖ ផ្លូវនេះ នឹងផ្ដល់សារ:សំខាន់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍប្រទេសជាតិ ពីព្រោះផ្លូវនេះតភ្ជាប់រវាងតំបន់ប៉ូលសេដ្ឋកិច្ច សំខាន់ពីរគឺ រាជធានីភ្នំពេញ និងបាវិត ដោយឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង ហេតុដូច្នេះ គម្រោងសាងសង់នេះ នឹងជួយជំរុញកម្ពុជាឱ្យមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ព្រមទាំងជួយកាត់បន្ថយ ភាពក្រីក្រ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលគឺ ផ្លូវ ទឹក ភ្លើង (អគ្គិសនី) និងធនធានមនុស្ស ដែលជាបង្គោលគ្រឹះ៤ ដ៏មាំដើម្បីឱ្យសង្គមជាតិមានការអភិវឌ្ឍ។