ឯកឧត្តម Nuno Gomes Nabiam នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋហ្គីណេប៊ីសាវបានលើកឡើង និងបានបង្ហាញចំណាប់អារម្មណ៍ពីគោលបំណងបង្កើតនូវកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ ជាពិសេសការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកក្នុងវិស័យនគរបាល ព្រមទាំងការចែករំលែក ផ្លាស់ប្ដូរបទពិសោធន៍លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ការលើកឡើងរបស់ឯកឧត្ដមនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋហ្គីណេប៊ីសាវនេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។
ឯកឧត្តម Nuno Gomes Nabiam នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋហ្គីណេប៊ីសាវ បានបង្ហាញក្ដីរីករាយដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងឱកាសបំពេញទស្សនកិច្ចសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា នាឆ្នាំ២០២៣នេះដែរ។
ឯកឧត្តមនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា ចាប់តាំងពីពេលមកដល់កម្ពុជា ឯកឧត្តមបានទស្សនកិច្ចនៅតាមការិយាល័យបោះឆ្នោតមួយចំនួន និងបានពិនិត្យមើលពីដំណើរការបោះឆ្នោត ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងការបោះឆ្នោតនៅប្រទេសគីណេប៊ីសាវដែរ។ ជាមួយគ្នានេះ ឯកឧត្តមក៏ទទួលបានបទពិសោធន៍ថ្មីៗផងដែរអំពីការបោះឆ្នោតនៅកម្ពុជា ពិសេសការបោះឆ្នោតដោយសន្តិវិធី និងសន្តិភាព។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងនូវការស្វាគមន៍ និងអរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីដែលបានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ជាពិសេសចំពោះការចំណាយពេលវេលាដ៏មានតម្លៃរបស់ឯកឧត្តមក្នុងដំណើរមកបំពេញទស្សនកិច្ចដោយឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតនេះ។ សម្ដេចក្រឡាហោមបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមថា ជាការផ្ដល់កិត្តិយស និងជាការផ្ដល់តម្លៃកាន់តែខ្ពស់ដល់ការបោះឆ្នោតនៅកម្ពុជាដែលតែងតែរៀបចំឡើងស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
សម្ដេចក្រឡាហោមបានថ្លែងបញ្ជាក់ថា ទោះបីជាប្រទេសកម្ពុជា និងប្រទេសគីណេប៊ីសាវ មានទំនាក់ទំនងការទូតថ្មីថ្មោងជាមួយគ្នា និងទោះជាមានទីតាំងភូមិសាស្រ្តឆ្ងាយពីគ្នាក្ដី ប៉ុន្តែតាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះនឹងជំរុញ លើកកម្ពស់ និងពង្រីកនូវទំនាក់ទំនងនេះឱ្យកាន់តែខ្លាំងក្លាថែមទៀត។
សម្ដេចក្រឡាហោម ក៏បានជម្រាបជូនអំពីស្ថានភាពទូទៅនៃដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជាដោយលើកឡើងពីស្ថានភាពជារួមមានភាពល្អប្រសើរ ចាប់តាំងពីដំណាក់កាលយុទ្ធនាការរហូតដល់ថ្ងៃបោះឆ្នោតដែលបិទបញ្ចប់ជាស្ថាពរ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ សម្ដេចក្រឡាហោមបញ្ជាក់បន្ថែមថា ឆ្លងតាមបទពិសោធន៍រៀបចំការបោះឆ្នោតជាច្រើនអាណត្តិមកនេះ អ្នកនយោបាយនៅកម្ពុជាបានចូលរួមគោរពច្បាប់ បទបញ្ជា និងនិតិវិធីនៃការបោះឆ្នោតបានយ៉ាងល្អប្រសើរ។ ចំពោះប្រជាពលរដ្ឋវិញ ក៏បានបំពេញតួនាទី និងសិទ្ធិរបស់ខ្លួនយ៉ាងត្រឹមត្រូវកាន់តែមានភាពចាស់ទុំពីដំណើរការបោះឆ្នោតមួយទៅដំណើរការបោះឆ្នោតមួយ។ សម្ដេចក្រឡាហោមបានចាត់ទុកភាពវិជ្ជមាន និងរីកចម្រើននេះ ថាដោយសារកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាខ្លួនឯងផ្ទាល់ ព្រមទាំងការចូលរួមចំណែកពីបណ្ដាមិត្តភក្ដិបរទេស និងសហគមន៍អន្តរជាតិផងដែរ។
ឯកឧត្តមនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ផងដែរអំពីលទ្ធផលនៃជំនួបរវាងឯកឧត្តម និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយប្រមុខរាជរដ្ឋាភិបាល និងរដ្ឋាភិបាលនៃប្រទេសទាំងពីរក៏បានឯកភាពពិនិត្យទៅលើការជំរុញ និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេសការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងវិស័យកសិកម្ម។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណជាថ្មីម្ដងទៀតចំពោះឯកឧត្តមនាយករដ្ឋមន្រ្តីដែលបានវាយតម្លៃជាវិជ្ជមានមកលើដំណើរការបោះឆ្នោតនៅកម្ពុជា។ សម្ដេចក្រឡាហោមក៏បានសម្ដែងការគាំទ្រចំពោះស្មារតីនៃលទ្ធផលជំនួបរវាងឯកឧត្តមនាយករដ្ឋមន្រ្តី និងសម្ដេចតេជោ នៅក្នុងការលើកកម្ពស់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ។
ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោមក៏បានគាំទ្រ និងស្វាគមន៍គោលបំណងរបស់ឯកឧត្តមដើម្បីពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ពិសេសការចែករំលែកបទពិសោធន៍រវាងកម្លាំងនគរបាលនៃប្រទេសទាំងពីរដើម្បីបម្រើដល់ការថែរក្សាសន្តិសុខ និងសុវត្ថិភាពសង្គមនៃប្រទេសទាំងពីរ។ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះឯកឧត្តមនាយករដ្ឋមន្រ្ដីដែលបានអញ្ជើញមកបំពេញទស្សនកិច្ច និងចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា។
សម្ដេចក្រឡាហោមក៏មានសេចក្ដីសង្ឃឹមជឿជាក់ថា ប្រទេសទាំងពីរ កម្ពុជា-គីណេប៊ីសាវ នឹងខិតខំបង្កើន និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិាការ និងការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ៕