ចេញផ្សាយថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ សម្រួលការផ្សាយ៖ គង់ សុខហេង
ខេត្តស្ទឹងត្រែង៖ សត្វផ្សោតប្រមាណពី ២៥ទៅ៣០ក្បាល កំពុងរស់នៅតាមអន្លង់អភិរក្សចំនួន៣ មានអន្លង់ត្បូងខ្លា-អន្លង់កោះកូនសត្វ -អន្លង់កោះសន្ទក់ ត្រូវបានមន្ត្រីសហគមន៍បង្កើនការអភិរក្សឱ្យនៅគង់វង្ស ។
ក្នុងសកម្មភាពចុះល្បាតនៅតំបន់អភិរក្សថ្ងៃទី២៤ខែកក្កដា លោកផែងប៊ឿន ប្រធានសហគមន៍នេសាទឃុំកោះព្រះស្រុកសៀមបូកខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖នៅតំបន់អភិរក្សទាំង៣ខាងលើនេះជនសង្ស័យចេះតែចូលធ្វើនេសាទនៅពេលយប់ ព្រោះកម្លាំងសហ គមន៍មានលទ្ធភាពធ្វើសកម្មភាពល្បាតបានតែពេលថ្ងៃប៉ុណ្ណោះ ហើយមន្ត្រីសហគមន៍ កំពុងរៀបយន្តការអភិរក្សបន្ថែម ។ លោកបន្តថា៖ ចំណុចឆកល្វែងខ្លះបានធ្វើឱ្យជនសង្ស័យលួចលាក់ទៅដាក់មងចងសន្ទូចបង្កផលប៉ះ ពាល់ទៅលើធនធានមច្ឆជាតិ ដែលគម្រោងអច្ឆរិយទន្លេមេគង្គលើកំពុងយកចិត្តទុកដាក់អភិរក្សធនធានជីវ: ចម្រុះដែលមាននៅតំបន់ទាំងនេះ ។ លោកបន្តថា៖បច្ចុប្បន្នក្រុមបច្ចេក ទេសបាននិងកំពុងតាមដានត្រីបបែលយក្ស ចំនួន៣ក្បាលតាមរយ:( ជីប៊ីអេស) ដែលមានទម្ងន់ចាប់ពី១៨៣គីឡូក្រាមរហូតទៅ ដល់ជាង៣០០គីឡូក្រាមរស់តំបន់នេះហើយឃើញវាបានធ្វើចរាចរណ៍ចល័តក្នុងរង្វង់ប្រមាណ១៥គីឡូ ម៉ែត្រទៅមកនៅតាមដងទន្លេតែប៉ុណ្ណោះ។ លោកស្រីសុវិចិត្រ ប្រធានខណ្ឌជលផលស្ទឹងត្រែងបានបញ្ជាក់ថា៖ តំបន់អភិរក្សចាប់ពីស្ពានមេគង្គទៅ ដល់ព្រំប្រទល់ខេត្តក្រចេះ មានចំណុចខ្លះជាតំបន់ស្នួល និងខ្លះជាតំបន់រណប តម្រូវឱ្យប្រជាសហ គមន៍និងប្រជានេសាទរួមគ្នាអភិរក្សធនធានមច្ឆជាតិផង និងសត្វផ្សោតផងនិងត្រីបបែលយក្សនេះផង។ លោកបន្តថា៖ធនធានទាំងនេះ គឺជាសម្បត្តិធម្មជាតិរបស់ពួកគាត់នៅមូលដ្ឋាននោះផ្ទាល់ ដូច្នេះសហគមន៍និងប្រជានេសាទទាំង អស់ត្រូវរួមគ្នាថែរក្សាដើម្បីឱ្យវាបានបន្តពូជទៅថ្ងៃមុខទៀត ព្រោះនៅ ពេលខាងមុខអង្គការដៃគូសហការជាមួយមន្ទីរជំនាញនិងរៀបចំជាតំបន់រមណីយដ្ឋានអេកូទេសចរណ៍ សម្រាប់ឱ្យភ្ញៀវមកលេង និងបានមើលសត្វផ្សោតនៅតំបន់នេះផង។ លោកសនណារិន ប្រជាពលរដ្ឋរស់នៅភូមិ ឃុំអូរម្រះ បានគាំទ្រចំណុចផ្តួចផ្តើមនេះ ព្រោះសត្វផ្សោតមេគង្គ ជាសម្បត្តិកម្របំផុតនៅក្នុងប្រទេសកម្ពុជាយើង ហើយនៅឆ្នាំ២០២៣នេះសង្កេតឃើញភ្ញៀវទេសចរមកមើលផ្សោតនៅតំបន់ក្នុងស្រុកសៀមបូកនេះ ជា ហូរហែដែរបន្ទាប់ពីសត្វផ្សោតនៅអន្លង់ព្រះរំកិល ក្នុងស្រុកបុរីអូរស្វាយសែនជ័យ បានស្លាប់អស់មកនោះ ។ សូមបញ្ជាក់ថា៖ខេត្តស្ទឹងត្រែងបច្ចុប្បន្ននៅ អន្លង់ផ្សោត កោះព្រះ -កោះកាំងកូនសត្វ -និងកោះសន្ទក់ -មានសត្វផ្សោតរស់នៅក្នុងរង្វង់ប្រមាណពី២៥ទៅ៣០ក្បាល ដែលភ្ញៀវទេសចរប៉ងចង់ឃើញសត្វដ៏កម្រនេះ ៕