ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យរដ្ឋមន្រ្តីដែលមិនបានទទួលតំណែងក្នុងរាជរដ្ឋាភិបាលថ្មី មេត្ដាយោគ​យល់ និងត្រូវមានការលះបង់

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បាន​​ស្នើ​ដល់រដ្ឋ​មន្រ្តីទាំងអស់ ដែលមិនបានទទួលតំណែងក្នុងរាជរដ្ឋាភិបាលថ្មី​មេត្តាយោគ​យល់ ហើយត្រូវតែមានការលះបង់ ខណៈដែលអ្នកលះបង់ធំជាងគេគឺខ្លួនសម្តេច។​ ការ​ស្នើ​របស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីបែបនេះ បានធ្វើឡើងតាមរយៈ​សេចក្តីថ្លែងការណ៍​ពិសេស​ផ្ញើ​ជូនជនរួមជាតិនៅរសៀលថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣។

សម្តេចតេជោ ហ៊ុន ​សែន បានថ្លែងថា សម្រាប់រដ្ឋមន្រ្តីនានាដែលមិនទទួល​ដំណែង​ជារដ្ឋមន្ត្រីតទៅទៀត អាចអង្គុយនៅក្នុងសភា ឬជាតំណាងរាស្រ្តព្រោះពួកយើងចាស់ៗ​ណាស់​ហើយ និងមួយចំនួនទៀតក៏ អាចទៅធ្វើជាទីប្រឹក្សារាជរដ្ឋាភិបាល មួយចំនួនទៀត​ក៏អាចក្លាយជាសមាជិកព្រឹទ្ធសភា នៅពេលខាងមុខផងដែរ ដែលនឹងពិនិត្យមើលនៅពេល​ក្រោយ។ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា៖ «សូមស្នើដល់បងប្អូនរដ្ឋមន្ត្រីទាំងឡាយ​ដែល​មិន​បន្តតំណែងក្នុងរដ្ឋមន្ត្រីបន្តទៅទៀតសូមមេត្តាយោគយល់យើងត្រូវតែមានការលះបង់ ហើយអ្នកដែលលះបង់ធំជាងគេគឺខ្លួនខ្ញុំ។ បើទោះបីជាកូនរបស់ខ្ញុំបន្តវេនក៏ដោយ ប៉ុន្តែ​អ្នក​ដែលធ្លាប់មានអំណាចបញ្ជា ពេលអត់មានអំណាចបញ្ជានោះគឺជាការលះបង់ហើយ»។

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានលើកឡើងថា រដ្ឋមន្រ្តីមួយចំនួនមិនចូលកាន់​ការ​ជា​រដ្ឋមន្ត្រីតទៅទៀតទេ គឺយើងអាចឈរឈ្មោះជាសមាជិកព្រឹទ្ធសភា​ព្រោះសមាជិកព្រឹទ្ធ​សភាមួយចំនួនមានអាយុ៨០ ឬកៀកនឹង ៨០ ឆ្នាំ ដែលជាការល្មម នឹងចាកចេញ។ សម្ដេច​​តេជោបានអះអាងថា បើទោះបីព្រឹទ្ធសភាត្រូវមានអាយុច្រើនក៏ប៉ុន្តែអាយុច្រើន​ហួស ​ក៏មិន​អាច​ធ្វើការកើតដែរយើងត្រូវគិតអំពីសុខភាព និងអ្នកបន្តវេនជំនាន់ក្រោយ៕