ព័ត៌មានជាតិ

ផលិតផលខ្មែរជាច្រើនប្រភេទបានយកមកផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តខេត្តសៀមរាប

ផលិតផលខ្មែរជាច្រើនប្រភេទ បានយកមកផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ខេត្តសៀមរាប នៅមុខប្រាសាទអង្គរវត្ត ដើម្បីផ្សព្វផ្សាយទៅដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ឱ្យបានស្គាល់ពីផលិតផលខ្មែរកាន់តែច្រើន និងអាចសហការនាំចេញទៅលក់នៅតាមបណ្ដា ប្រទេសផ្សេងៗទៀត ។.. ក្រុមម្ចាស់សហគ្រាស និងសិប្បករ បាននាំយកផលិតផលខ្មែរជាច្រើនប្រភេទ ដើម្បីដាក់តាំងបង្ហាញក្នុង ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានចាប់ផ្តើមតាំងពីថ្ងៃទី១៤ ខែមេសា រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ដែលផលិតផលទំាងនោះមានដូចជា ដំណាប់ផ្លែឈើ សម្លៀកបំពាក់ គ្រឿងឧបភោគបរិភោគ គ្រឿងទេស គ្រឿងចម្លាក់ស្ពាន់ ទឹករុក្ខជាតិបំប៉នសុខភាពជាដើម ។ ការដាក់បង្ហាញផលិតផលខ្មែរជាច្រើនមុខនៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺដើម្បីផ្សព្វផ្សាយ ដល់ភ្ញៀវ ទេសចរជាតិនិងអន្តរជាតិ ដែលបានអញ្ជើញមកក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តខេត្តសៀមរាប បានស្គាល់ ពីផលិតផលខ្មែរដែលមានគុណភាពល្អ ។ លោកស្រី ស៊ឹម សៀក អ្នកលក់ក្រុមហ៊ុនសច្ចៈ ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលសិប្បកម្ម កម្ពុជា ដែលផលិតដោយដៃ បានមានប្រសាសន៍ថា ការយកផលិតផលមកតាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ អង្គរសង្ក្រាន្តនេះ ដើម្បីឱ្យប្រជាជនខ្មែរ បានដឹងពីលក្ខណៈល្អប្រណិត ហើយក៏ជាផ្នែកមួយនៃ អត្តសញ្ញាណជាតិខ្មែរ។ លោកស្រី បានបន្តថា ចម្លាក់ថ្មដោយដៃនេះមានច្រើនប្រភេទដែល អាចធ្វើជារូបដំរី ព្រះកេសព្រះ ធ្វើជាព្រះសម្មាធិ ព្រះពុទ្ធបដិមា និងធ្វើជាផ្កាជាដើម ខណៈដែលការឆ្លាក់រូបត្រូវប្រើពេលវេលា យូរឬឆាប់តាមរូបភាពដែលត្រូវឆ្លាក់។ លោកស្រីបានឱ្យដឹងថា ចម្លាក់ថ្មដោយដៃនេះ ជាប្រភេទថ្មកែវ ដែលបានយកមកពីខេត្តព្រះវិហារ និងបន្ទាយមានជ័យ។ «ក្រុមហ៊ុនរបស់ខ្ញុំឈ្មោះសច្ចៈ នៅកន្លែងខ្ញុំមានការផលិត ផលិតផលដោយដៃរបស់កូនខ្មែរ ដែលមានចម្លាក់ឈើ ចម្លាក់ថ្ម និងប្រភេទតម្បាញសូត្រ អ៊ីចឹងការយកផលិតផលមកបង្ហាញ ដើម្បីឱ្យ កូនខ្មែរជំនាន់ក្រោយបានដឹង បានស្គាល់សូម្បីតែថ្ម ក៏អាចមកឆ្លាក់ធ្វើជារូបបានផងដែរ»។ ស្រដៀងគ្នានេះដែរ លោកស្រី ស៊ឹម កល្យាណ ប្រធានក្រុមហ៊ុន Goel Community បានមាន ប្រសាសន៍ថា ការយកផលិតផលមកតាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះ គឺចង់ឱ្យប្រជាជនខ្មែរ ស្គាល់ពីផលិតផលខ្មែរ តម្បាញដោយដៃនិងការបង្កើតដោយពណ៌ធម្មជាតិ ដែលបានចូលរួម ជួយដល់ បរិស្ថាន មានបច្ចេកទេសក្នុងការកែច្នៃយ៉ាងត្រឹមត្រូវ និងមានគុណភាពល្អ។ លោកស្រីបានបន្តថា រាល់ផលិតផលតម្បាញដែលបានយកមកតាំងបង្ហាញនេះ ជាតម្បាញដៃរបស់ប្រជាពលរដ្ឋសុទ្ធសាធ ហើយចំពោះការប្រើពណ៌វិញ សុទ្ធសឹងតែជាពណ៌ធម្មជាតិ ដែលពណ៌ទាំងអស់នេះ ផលិតមកពីស្លឹកឈើ ដូចជា ស្លឹកស្វាយ ស្លឹកចេក ស្លឹកខ្នុរនិងស្លឹកឆ័ត្រជាដើម ដូច្នេះគ្រឿងទាំងនេះមិនអាចប៉ះពាល់ ដល់ បរិស្ថាន នោះទេ។ «អ៊ីចឹងហើយយើងចង់បង្ហាញថា ជនជាតិខ្មែរយើងមានប្រពៃណី ទំនៀមទម្លាប់តាំងពីយូរមកហើយ ប៉ុន្តែដោយសារប្រជាជនខ្មែរឆ្លងកាត់នូវជំនាន់ប៉ុលពត អ៊ីចឹងក្មេងៗជំនាន់ក្រោយអាចនឹងអត់ដឹង។ អ៊ីចឹងយើងយកមកទីនេះ ដើម្បីគាត់ស្គាល់ថា ផលិតខ្មែរយ៉ាងម៉េច ពណ៌ធម្មជាតិយ៉ាងម៉េច តម្បាញដោយ របៀបណា »។ លោកស្រីក៏បានអំពាវនាវ ដល់ភ្ញៀវទេសចរទាំងអស់ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត សូមជួយគាំទ្រផលិតផលជាតិឱ្យបានកាន់តែច្រើនបន្ថែមទៀត ក្នុងគោលបំណងលើកតម្កើង ផលិតផលជាតិ បង្កើតទីផ្សារជូនប្រជាពលរដ្ឋ ដូច្នេះទាំងក្រុមហ៊ុនផលិតនិងក្រុមហ៊ុនចែកចាយ គឺបានធ្វើការសហការគ្នាយ៉ាងល្អប្រសើរ ដើម្បីឱ្យផលិតផលដែលផលិតចេញមក មានគុណភាពល្អ និងសុវត្ថិភាពបំផុត។ សូមបញ្ជាក់ថា ការផ្សព្វផ្សាយផលិតផលខ្មែរនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាពេលនេះ មានគោល បំណងយ៉ាងសំខាន់ ដើម្បីបង្កើតនិងបង្កើនសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ឱ្យបានផុលផុស ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព បង្កើតការងារ លើកកម្ពស់ផលិតផល និងសេវាក្នុងស្រុក និងចូលរួមក្នុងគ្រោងការណ៍សមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក៕