ព័ត៌មានជាតិ ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានអន្តរជាតិ

កីឡាករ កីឡាការិនីកម្ពុជាដែលកំពុងហ្វឹកហាត់នៅប្រទេសវៀតណាម បានបង្ហាញការតាំងចិត្តខិតខំប្រែងប្រឹងហ្វឹកហាត់ដើម្បីបង្កើនសមត្ថភាពឱ្យកាន់តែល្អប្រសើរជាងមុន

ក្រុមកីឡាករ កីឡាការិនីកម្ពុជា ដែលកំពុងហ្វឹកហាត់នៅប្រទេសវៀតណាម បានបង្ហាញពីការតាំងចិត្តខិតខំប្រែងប្រឹងហ្វឹកហាត់ដើម្បីបង្កើនសមត្ថភាពឱ្យកាន់តែល្អប្រសើរជាងមុន ជាពិសេសធ្វើយ៉ាង ណាដណ្តើមមេដាយជូនកម្ពុជា ក្នុងឱកាសព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពេលឆាប់ៗនេះ ។

កញ្ញា នាង ម៉ូលីកា កីឡាការិនីអត្តពលកម្មវិញ្ញាសាចោលដុំដែក ដែលបានទៅហ្វឹកហាត់នៅក្នុងមជ្ឍមណ្ឌលហ្វឹកហាត់កីឡាជាតិនៃទីក្រុងហូជីមិញ ប្រទេសវៀតណាម បានឱ្យដឹងថា ចំពោះការចេញមកហ្វឹកហាត់ក្នុងប្រទេសវៀតណាមនេះ គឺមានរយៈពេលប្រមាណមួយខែ ដែលបានមកដល់កាលពីថ្ងៃទី០៤ ខែមេសា ដោយមានគ្រូជំនាញបង្ហាត់ពីបច្ចេកទេស និងបង្ហាញពីចំណុចខ្វះខាតរបស់កីឡាករ កីឡាការិនី ដើម្បីកែលម្អសមត្ថភាពរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ និងអាចដណ្តើមបានមេដាយក្នុងការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នាពេលឆាប់ៗនេះ ។

« ចំពោះការដែលបានទទួលការហ្វឹកហាត់នៅទីនេះ គឺមានការប្រែប្រួលថែមមួយកម្រិតទៀត ដែលនៅកម្ពុជាអាចថាយើងមានសមត្ថភាពនិងល្អហើយ ប៉ុន្តែនៅពេលដែលយើងមកដល់នេះ យើងពង្រឹងបន្ថែម ក៏ដូចជាកែប្រែនិងអនុវត្តបច្ចេកទេសផ្សេងៗទៀត គឺខ្ញុំឃើញថា ខ្ញុំមានសមត្ថភាពកើនឡើងជាងមុន »។

លោក អ៊ឹម លាំងឈុង ជាកីឡាករកីឡាវ៉ូវីណាមដែលកំពុងហ្វឹកហាត់នៅក្នុងមជ្ឍមណ្ឌលហ្វឹកហាត់កីឡាជាតិនៃទីក្រុងហូជីម៉ិញ ក៏បានឱ្យដឹងដែរថា បន្ទាប់ពីមកហ្វឹកហាត់នៅក្នុងប្រទេសវៀតណាមនេះ ឃើញថា សមត្ថភាពរបស់លោកកាន់តែល្អជាងមុន និងយល់ច្បាស់ពីបច្ចេកទេសថ្មីៗមួយចំនួន ដែលទាំងនេះគឺជាគន្លឹះសំខាន់ ក្នុងការឈានទៅដណ្តើមមេដាយជូនជាតិមាតុភូមិកម្ពុជា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នាពេលខាងមុខនេះ ។

ក្នុងនោះផងដែរ លោកក៏បានប្ដេជ្ញាចិត្ត ខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមពីអ្នកជំនាញ នៅក្នុងប្រទេសវៀតណាមនេះ ដើម្បីយ៉ាងណាឱ្យខ្លួនកាន់តែមានសមត្ថភាព និងចូលរួមចំណែកធ្វើឱ្យកម្ពុជា មានមុខមាត់លើឆាកអន្តរជាតិ ។

សូមបញ្ជាក់ថា វិញ្ញាសាកីឡាចំនួន ៣៧ និងប្រភេទកីឡាផ្សេងទៀតត្រូវបានចុះបញ្ជីជាផ្លូវការសម្រាប់ស៊ីហ្គេមឆ្នាំ ២០២៣ និងកីឡាចំនួន ១៣ប្រភេទ សម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ។ កីឡាទាំងនោះ រួមមាន ហែលទឹក (ហែលទឹក, លោតទឹកនិងកីឡាបាល់ទឹក), អត្តពលកម្ម, វាយសី, បាល់បោះ (៥x៥, ៣x៣), ប្រដាល់សកល, ប៊ីយ៉ាស្នូកឃ័រ, ប្រណាំងកង់ (កង់គួក និងកង់ភ្នំ),

ទូកកានូ និងរ៉ូអ៊ីង, អុក (អុកចត្រង្គ, ប្រចាំតំបន់, អុកចិន), កីឡារាំ, កីឡាគុនដាវ, បាល់ទាត់, វាយកូនគោល, កាយសម្ព័ន្ធ, កីឡាហុកគី, សូហ្វតឺ

ន្នីស, យូដូ, ការ៉ាតេ, គុនខ្មែរ, ប៉េតង់, ទូកក្ដោង, សីដក់, វាយកូនឃ្លីលើតុ, តេក្វាន់ដូ, ទូកប្រពៃណី, ទ្រីយ៉ាថ្លុង, បាល់ទះ, ចំបាប់ ,លើកទម្ងន់, ហែលទឹកជើងទា, កាយវប្បកម្ម, កីឡាអេឡិចត្រូនិច, Silat, cricket , ម៉ូតូទឹក, វ៉ូស៊ូ, កីឡា floorball និងកីឡាឧបសគ្គ។ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើម្ចាស់ផ្ទះ ជាប្រវត្តិសាស្រ្តលើក ដំបូង ក្រោយការទន្ទឹងរង់ចាំអស់រយៈពេល៦៤ឆ្នាំនោះ ៕