បទល្មើស ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

លោក ឌីណា ជានរណា បានជាលោក នាយប៉ុស្តិ៍ ព្រមទាំងលោកអធិការស្រុកមុខកំពូល ឯក លន់ ភ្លេចបទបញ្ជារបស់សម្ដេច សម្ដេច ហ៊ុន សែន បណ្តោយឱ្យបុគ្គលនេះបង្កើតបនល្បែងអនឡាញ កំពុងសប្បាយប្រមូលលុយខុសច្បាប់នៅស្រុកមុខកំពូល?

ល្បែងស៊ីសង(ស្រុកមុខកំពូល) ៖ មហាជនសង្កេតឃើញថាៈ លោកឌីណា កំពុងសប្បាយនឹងការប្រមូលលុយពីប្រជាពលរដ្ឋដោយខុសច្បាប់ តាមរយៈការដាក់ល្បែងមាន់ជល់អនឡាញ ជ្រកក្រោមហាងកាហ្វេ មួយ​កន្លែង​ជិត​ស្ពាន​ព្រែក​តា​ម៉ាក់ ស្ថិតនៅ​ភូមិ​កោះ​រកា ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូលខេត្តកណ្តាល ក្នុងនោះលោកឌីណា ម្ចាស់បនល្បែងអនឡាញនេះបានដាក់ឱ្យកូនឈ្នួល ឬកម្មកររបស់ខ្លួន ឈរជើងសម្រាប់ជាភ្នាក់ងារភ្នាល់ស៊ីសងប្រាក់ ដែលក្រុមអ្នកញៀនល្បែងមកភ្នាល់ចាក់លុយរៀងរាល់ថ្ងៃ ខណៈលោក ឯក លន់ ជាអធិការស្រុកមុខកំពូល ហាក់ភ្លេចបទបញ្ជារបស់ សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា ទាំងដែលដឹងហើយថា បញ្ហាអសន្តិសុខ កើតនូវអំពើចោកម្ម និងបទល្មើសផ្សេងៗ ដូចជាចោរលួច ចោឆក់ ចោប្លន់ និងអំពើហិង្សាជាដើម គឺផ្តើមចេញពីល្បែងស៊ីសង។

ជាក់ស្ដែងទីតាំងល្បែងជល់មាន់តាមអនឡាញនេះ មានក្រុមអ្នកញៀនល្បែងចេញចូលលេងភ្នាល់ជារៀងរាល់ថ្ងៃ ប៉ុន្តែប្រហែលជាមានអ្វីបាំងភ្នែកសមត្ថកិច្ចមូលដ្ឋាន លោកនាយប៉ុស្តិ៍ ជាពិសេសលោកអធិការ តែម្តង ដែលនៅកៀកនឹងបនល្បែងនោះ មើលមិនឃើញ ហើយមិនទាន់ចាត់វិធានការបង្ក្រាប។

សូមរំលឹកថា “កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជាដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្តទាំង២៥ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់ឲ្យខានតែបាន សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា  បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់ និងមិនបង្ក្រាបបទល្មើសល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួនទេ! អាជ្ញាធរឬសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង។”

ហេតុនេះពលរដ្ឋសង្ឃឹមថា ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល  ជាពិសេសឯកឧត្តម ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ​មេត្តាចាត់​​កម្លាំង​​ជំនាញ ចុះបង្ក្រាបទីតាំងល្បែងស៊ីសង ដូចបានជម្រាបជូនក្នុងភូមិសាស្ត្រ ឱ្យមានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីកុំឱ្យល្បែងអនឡាញទាំងនេះ បង្វែរស្មារតីពលរដ្ឋឱ្យភ្លេចការងារ ហើយវក់វីប្រមូលលុយមកភ្នាល់ផ្សងសំណាង។

ក្រុមការងារបានទំនាក់ទំនងផ្តល់ព័ត៌មានទៅលោកអធិការតាមរយៈប្រព័ន្ធ Telegram លេខ+855 97 810 9999 តែលោកមិនមានការឆ្លើយតបនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។