ព័ត៌មានជាតិ ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានអន្តរជាតិ

ក្រុមបាល់ទាត់វៀតណាម ទទួលបានមេដាយសំរឹទ្ធ បន្ទាប់ពីយកឈ្នះ ក្រុម មីយ៉ាន់ម៉ា ៣ទល់១ សម្រាប់ព្រឹត្ដិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជា

ក្រុមបាល់ទាត់បុរសវៀតណាម (U22) បានទទួលមេដាយសំរឹទ្ធ បន្ទាប់ពីយកឈ្នះក្រុម មីយ៉ាន់ម៉ា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រសម្រាប់ព្រឹត្ដិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅ​កម្ពុជា ដោយលទ្ធផល ៣ទល់១ នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅពហុកី​ឡ​ដ្ឋាន​ជាតិអូឡាំពិក។ ក្នុងពេលដែលការប្រកួតបានចាប់ផ្តើមភ្លាម ក្រុមវៀតណាម ហាក់បីដូចជាមាន​ប្រៀប​ជាងក្រុមមីយ៉ាន់ម៉ា ដោយក្រុមវៀតណាមបានវាយសម្រុកយ៉ាងខ្លាំងចាប់តាំងពីដើមទីមកម្លេះ ដែលធ្វើឱ្យក្រុមមីយ៉ាន់ម៉ា ពិបាកនឹងទប់ទល់ណាស់។

ការប្រកួតរវាងក្រុមទាំងពីរនេះ ត្រឹមតែ ៩ នាទីប៉ុណ្ណោះ ក្រុមវៀតណាមបានបើកការនាំមុខ ក្រុមមីយ៉ាន់ម៉ា ១គ្រាប់មុន ដោយទាត់​បញ្ចូលទី​ដោយ​កីឡាករ H. VAN CUONG ពាក់លេខ ១៣ ។ ក្រោយពីការទាត់បញ្ចូលទី​របស់ក្រុមវៀតណាមបាន១គ្រាប់ ក្រុមមីយ៉ាន់ម៉ា បានខិតខំប្រឹងប្រែងវាយបកវិញដែរ បន្ទាប់​មក នៅនាទីទី១២ កីឡាករវៀតណាម VANN HOU ពាក់លេខ ៧ បានបង្កកំហុសដោយ​ទាត់កីឡាករ មីយ៉ាន់ម៉ា ពីក្រោយ ហើយទទួលបានកាតលឿង១។ នៅនាទីទី ៣៤ កីឡាករ វៀតណាម ឈ្មោះ H . VAN CUONG ពាក់លេខ ១៣ ដដែលបានទាត់បញ្ចូលទី មីយ៉ាន់ម៉ា១​គ្រាប់​ទៀត ដោយចប់វគ្គទី១ ក្រុមវៀតណាម ធ្វើបានសម្រេច ២គ្រាប់ ឯ ក្រុមមីយ៉ាន់ម៉ា ០។ ចូលដល់វគ្គទី២ ក្រុមវៀតណាម នៅតែបន្ដវាយសង្គ្រប់យ៉ាងខ្លាំងមកលើក្រុម មីយ៉ាន់ម៉ា ដែលនៅនាទីទី ៥៦ កីឡាករ វៀតណាម ឈ្មោះ MY KHOEUN VAN KHANG ពាក់លេខ ៨ បានទាត់បញ្ចូលទីក្រុម មីយ៉ាន់ម៉ា​ បាន១គ្រាប់ទៀត ដែលធ្វើឱ្យវៀតណាម​នាំ​មុខក្រុម មីយ៉ាន់ម៉ា ៣ ទល់០។ បើទោះបីជាក្រុមវៀតណាមបាននាំមុខ៣ទល់០ ក្ដី ក៏ក្រុមមីយ៉ាន់ម៉ា បានខិតខំប្រឹង​ប្រែង​វាយបកទៅក្រុមវៀតណាមយ៉ាងស្វិតស្វាញ ដោយនៅនាទីទី ៨៨ កីឡាំករមីយ៉ាន់ម៉ា ឈ្មោះ ORNG YOU KHANN ពាក់លេខ ១៥ ធ្វើបានសម្រេច១គ្រាប់វិញ ដោយទាត់​បញ្ចូល​ទីក្រុមវៀតណាម បាន១គ្រាប់វិញ ចប់ការប្រកួតរហូតដល់ម៉ោងបង្គ្រប់៩០ នាទី ក្រុម​វៀតណាម ឈ្នះក្រុម មីយ៉ាន់ម៉ា ដោយសម្រេចលទ្ធផល ៣ទល់១។

សូមជម្រាបជូនថា សម្រាប់វគ្គផ្ដាច់ព្រ័តនេះ ក្រុមបាល់ទាត់វៀតណាម​មុននឹងឈាន​មកជួបប្រកួតដណ្ដើមយក​មេ​ដាយ​សំរឹទ្ធ​​ជា​មួយ​ក្រុមបាល់ទាត់មីយ៉ាន់ម៉ា ក្រុមវៀតណាម បាន​ប្រកួតចាញ់ក្រុម​ឥណ្ឌូណេស៊ី ក្នុ​ងលទ្ធ​ផល ៣ទល់២។ ចំណែកក្រុម មីយ៉ាន់ម៉ាវិញ ក៏បាន​ប្រកួតចាញ់ក្រុមបាល់​​ទាត់ថៃ ដោយលទ្ធ​ផល ​៣ទល់០៕