សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ក្នុងឆ្នាំ២០២២ កន្លងមកនេះ វិស័យឧស្សាហកម្មបានរួមចំណែករហូតដល់ ៣៨ភាគរយ នៃសេដ្ឋកិច្ចកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលរំពឹងថា វិស័យសេវាកម្ម នឹងមានកំណើនខ្លាំងជាងគេ លើសវិស័យផ្សេងៗទៀត តាមរយៈកំណើនវិស័យទេសចរណ៍នាពេលខាងមុខនោះ។
ក្នុងឱកាសបន្តចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ទៀត នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងបន្តខិតខំធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្នែករឹង និងទន់ ដើម្បីបម្រើដល់ការទាក់ទាញវិនិយោគមកកាន់ប្រទេសកម្ពុជា ខណៈបច្ចុប្បន្នកម្ពុជា មានតម្រូវការកម្លាំងពលកម្ម ក្នុង១ឆ្នាំជាង ៣០ ម៉ឺននាក់។ សម្ដេចតេជោ បញ្ជាក់ថា៖ «កម្ពុជានៅមានសក្តានុពលច្រើន ដើម្បីទាក់ទាញអ្នកវិនិយោគ ជាមួយនឹងការខិតខំប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធទាំងរឹង ទាំងទន់។ រឹង គឺផ្លូវ ឬស្ពាន កំពង់ផែ ព្រលានយន្តហោះ អគ្គិសនី និងមានអ្វីៗជាច្រើនផ្សេងទៀតដើម្បីផ្គត់ផ្គង់សម្រាប់ការវិនិយោគ។ ដោយឡែក ទន់ គឺផ្នែកច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាមួយនឹងការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់ជំនាញ»។ សម្ដេចតេជោ បានចាត់ទុកជំនួបជាមួយបងប្អូនកម្មករ និយោជិត គឺចាត់ទុកជាវេទិកាសាធារណៈមួយ ដើម្បីសួរសុខទុក្ខដល់បងប្អូនកម្មករ កម្មការិនីផង និងមួយផ្នែកទៀតដើម្បីពិនិត្យមើលលើតម្រូវការ និងបញ្ហាដែលត្រូវដោះស្រាយជូនដល់កម្មករនិយោជិតបន្ថែមទៀត។
សម្តេចតេជោបានមានប្រសាសន៍ទៀតថា ការពិនិត្យអំពីអ្វីដែលរាជរដ្ឋាភិបាលសម្រេចនាពេលកន្លងទៅ គឺជាវឌ្ឍនភាពមួយដែលរាជរដ្ឋាភិបាល និងម្ចាស់រោងចក្រទាំងអស់បានអនុវត្តន៍បានយ៉ាងល្អ ក្នុងនោះមានទាំងបញ្ហាតូច និងបញ្ហាធំជាច្រើន។ សម្តេចតេជោបានអរគុណដល់កម្មករ កម្មការិនី ដែលបានអនុវត្តន៍បានយ៉ាងល្អនូវវិធានការសុខាភិបាល និងការចាក់វ៉ាក់សាំងគ្រប់ៗគ្នា ធ្វើឱ្យកម្ពុជាអាចមានលទ្ធភាពគ្រប់គ្រងស្ថានការណ៍វិបត្តិកូវីដ-១៩ បានយ៉ាងល្អ រហូតអាចបើកសង្គម សេដ្ឋកិច្ចឡើងវិញដល់បច្ចុប្បន្ន។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដល់ម្ចាស់ផ្ទះឈ្នួលទាំងឡាយ សូមកុំដំឡើងថ្លៃចំពោះកម្មករ និយោជិត ខណៈនាពេលកន្លងមក មានម្ចាស់ផ្ទះជួលជាច្រើន អនុវត្តបានយ៉ាងល្អដោយមិនដំឡើងថ្លៃផ្ទះជួលចំពោះកម្មករ កម្មការិនីឡើយ។ សម្តេចតេជោក៏បានបន្តអំពាវនាវដល់ម្ចាស់រោងចក្រ និងកម្មករ និយោជិត ត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ កុំឱ្យមានគ្រឿងញៀន កុំឱ្យមានបងតូច បងធំ កុំឱ្យមានជម្លោះរវាងកម្មករ និយោជិត និងថៅកែរោងចក្រ និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺអេដស៍ផងដែរ។
បើតាម ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួ ងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា កន្លងទៅសម្ដេចតេជោនាយករដ្ឋមន្តីធ្លាប់បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនេះចំនួន១៦ដងរួចមកហើយ ក្នុងនោះកាលពីឆ្នាំ២០១៧ ចំនួន៧ដង ដែលមានកម្មករ និយោជិតចូលរួមចំនួន ១០៦ ០០០ នាក់មកពីរោងចក្រសហគ្រាស ចំនួន៨៨ ។ នៅឆ្នាំ២០១៨ចំនួន៧ ដង ដែលមានកម្មករ និយោជិតចូលរួមចំនួន ១០៧ ០០០ នាក់ មកពីរោងចក្រ សហគ្រាសចំនួន១០០។ ក្នុងឆ្នាំ២០២៣នេះ ចំនួន២លើកគឺកាលពីថ្ងៃទី១៣ និង ១៤ ខែមិថុនា ឆ្នាំ២០២៣ ដែលមានកម្មករ និយោជិតចូលរួមចំនួន ៣៦ ០០០ នាក់ មកពីរោងចក្រសហគ្រាសចំនួន៣៣។ ឯកឧត្ដមរដ្ឋមន្រ្ដីបន្តថា ថ្ងៃនេះជាលើកទី១៧ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានមកជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតសរុបចំនួន១៨ ៣១៣ នាក់ មកពីរោងច ក្រសហគ្រាសចំនួន ១៧ ក្នុងនោះខណ្ឌពោធិ៍សែនជ័យចំនួន១០ ខណ្ឌមានជ័យចំនួន៤ និង ខណ្ឌកំបូលចំនួន៣។ ឯកឧត្ដមបានបញ្ជាក់ដែរថា រោងចក្រសហគ្រាសចំនួន១៧ជាប្រភេទរោងចក្រកាត់ដេរទាំងអស់ ហើយផលិតផលរបស់រោងចក្រទាំងនេះគឺនាំចេញទៅទីផ្សារអន្តរជាតិដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក ប្រទេសចិន អូស្ត្រាលី។ល។ ឆ្នាំ២០២៣នេះ នៅរាជធានីភ្នំពេញឆ្នាំ២០២៣មានរោង ចក្រសហគ្រាសចំនួន៩ ៣១៤ មានកម្មករ និយោជិតប្រមាណជាង៦៦ ម៉ឺននាក់ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ២ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន ៧២៧ មានកម្មករ និយោជិតសរុបជិត ៣៣៩ ០០០ នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ១ពាន់៥០លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ ហើយរាជធានីភ្នំពេញជាប៉ូលសេដ្ឋកិច្ចទីមួយនិងជាតំបន់ដែលមានការអភិវឌ្ឍរោងចក្រសហគ្រាសច្រើនជាងគេ៕
