ព័ត៌មានជាតិ

ស្ថានទូតថៃ សហការជាមួយសកលវិទ្យាល័យភូមិន្ទភ្នំពេញ រៀបចំកម្មវិធីប្រកួតប្រជែងភាសាថៃ ឆ្នាំ២០២៣

​ស្ថានទូតថៃប្រចាំនៅកម្ពុជា បានសហការជាមួយសកលវិទ្យាល័យភូមិន្ទភ្នំពេញរៀបចំ ទិវាកវីស៊ុនថនភូ ឆ្នាំ២០២៣ ដោយមានការប្រកួតប្រជែងលើភាសាថៃ។​ស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងវិស័យ ឯកជនថៃ នៅកម្ពុជារួមគ្នាឧបត្ថម្ភដល់ ដេប៉ាតឺម៉ង់ភាសាថៃ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ (Royal University of Phnom Penh-RUPP) បានរៀបចំទិវាកវីស៊ុនថនភូលើកទី៦ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន(CJCC) កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តម ឈើតគៀត អត្ថាករ ស្ថានឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា បានជំរុញ និង លើកស្ទួយដល់សិស្ស និសិ្សត ដេប៉ាតឺម៉ង់ភាសាថៃ ពីគ្រប់សកលវិទ្យាល័យនៅកម្ពុជាឱ្យចូល រួមកម្មវិធីដែលជំរុញ និងអភិវឌ្ឍន៍ជំនាញភាសា និងវប្បធម៌ថៃ ហើយថែមទាំងគាំទ្រនូវគំនិត ផ្តួចផ្តើមរបស់សិស្សនិស្សិតនៅក្នុងការរៀបចំកម្មវិធីផ្សេងៗ ដើម្បីបន្ត និងបង្កើតនូវឱកាស ការសិក្សាអប់រំ និងប្រកបរបរផ្សេងៗនាថ្ងៃអនាគត។

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលថៃ ដោយមាននាយកដ្ឋានទំនាក់ទំនងអន្តរ ជាតិជាសេ នាធិការបានជួយឧបត្ថម្ភ និងគាំទ្រដេប៉ាតឺម៉ង់ភាសាថៃ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញតាម រយៈការអភិវឌ្ឍកម្មវិធីសិក្សា វិធីសាស្ត្រការបង្រៀន និងឧបករណ៍សិក្សា និងការបញ្ជូន “អ្នកស្ម័គ្រចិត្តមិត្តថៃ” ដើម្បីបំពេញតួនាទីជាគ្រូបង្រៀនភាសាថៃជាប្រចាំរៀងរាល់ឆ្នាំ។

សូមជម្រាបថា នៅក្នុងកម្មវិធីខាងលើនេះ មានវត្តមានសិស្សនិស្សិតនៃដេប៉ាតឺម៉ង់ ភាសាថៃចូលរួមជាង ១៥០នាក់ ដោយមានកម្មវិធីប្រកួតភាសាថៃតាមប្រភេទផ្សេងៗមានដូច ជា ការថ្លែងបទសុន្ទរកថាជាភាសាថៃ ការសរសេរអក្សរផ្ចង់ភាសាថៃ ការតែងកំណាព្យ និង ការច្រៀងភាសាថៃ ក្រៅពីនេះនៅមានការដាក់តាំងបង្ហាញពីជីវៈប្រវត្តិកវីស៊ុនថនភូ ការសម្តែង ឈុតឆាក ខ្លីក្នុងរឿងនិទានថៃ និងការសម្តែងទេពកោសល្យរបស់និស្សិតជំនាញភាសាថៃ ការបង្ហាញពីរបៀបធ្វើនំថៃ ដោយភរិយាៗរបស់មន្ត្រីរាជការនៃស្ថានទូត។ ជាងនេះទៀតនោះ ឯកឧត្តមឯកអគ្គរាជទូត មន្ត្រីរាជការនៃស្ថានទូត និងតំណាង វិស័យឯកជនថៃ បានប្រគល់វិញ្ញាប័ណ្ណបត្រ និងរង្វាន់ជូនដល់ សិស្សនិស្សិតជ័យលាភី តាម ប្រភេទនៃការប្រកួតផ្សេងៗផងដែរ៕