រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដបាត់ដំបង ព្រមទាំងសហការីបាន
អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ផ្ដល់ជូនបងប្អូនគ្រួសាររត់ម៉ូតូឌុប ម៉ូតូកង់បី ផាស់អ៊ែប គ្រួសារកម្មករ និងអ្នកសារពត៌មាន ដែលមានជីវភាពលំបាកខ្វះខាត និងងាយរងគ្រោះ ចំនួន៥២៣គ្រួសារ ក្នុងក្រុងបាត់ដំបង ។
ឯកឧត្តម សុខ លូ បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយនោះឡើយ ដោយមិនដែលទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀង អាហារ និងមានការដោះស្រាយអ្វីឡើយ ស្របតាមទិសស្លោក «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ទៅដល់ជានិច្ច។
ឯកឧត្តម ប្រធានគណៈកម្មាធិ
ការសាខាកាកបាទក្រហមកម្ពុជាខេត្ដ បានមានប្រសាសន៍ក្រើនរំលឹក ដល់ បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមលើកកម្ពស់ការយល់ដឹងអំពីសុវត្តិភាពចរាចណ៍ផ្លូវគោក ចូលថែរក្សាសន្តិភាព ការថែទាំសុខភាព អោយបានល្អ រស់នៅត្រូវមានអនាម័យ ជាពិសេសក្នុងស្ថានភាពដែលអាកាសធាតុមានការប្រែប្រួល ក្តៅ- ត្រជាក់នេះ អាចនឹងបង្កឱ្យកើតមានជម្ងឺដំកាត់ផ្សេងៗ។
ឯកឧត្តម បានបន្តអំពាវនាវដល់បងប្អូនទាំងអស់សូមបន្តយកចិត្តទុកដាក់ អនុវត្តអោយបានខ្ជាប់ខ្ជួន វិធានសុខាភិបាល និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ផងដែរ ចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតមានពិសេសគ្រោះអគ្គិភ័យ អាចបណ្តាលឱ្យបាត់បង់ទ្រព្យសម្បត្តិ និងលំនៅដ្ឋានប្រសិនបើមានការធ្វេសប្រហែសណាមួយកើតឡើងនិងសូមអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ៕
ដោយ៖ជាង សុជាតិ