ព័ត៌មានជាតិ

សារលិខិតអបអរសាទរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់៤៦ឆ្នាំ ឈានចូលឆ្នាំ ៤៧ឆ្នាំ

ក្នុងឱកាសដ៏មង្គលាភិរម្យប្រសើរថ្លៃថ្លានៃទិវាខួបកំណើតគម្រប់៤៦ឆ្នាំ ឈានចូល៤៧ឆ្នាំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត ប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមអនុញ្ញាតសម្តែងនូវគារវកិច្ច និង អំណរសាទរប្រកបដោយសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងបំផុត និងសូមគោរពជូននូវសព្ទសាធុការពរជ័យគ្រប់ប្រការ ចំពោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ យើងខ្ញុំសូមសម្ដែងនូវការគោរពដ៏ស្មោះស្ម័គ្របំផុតចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តដ៏មោះមុត នៃការដឹកនាំដ៏ប៉ិនប្រសប់ប្រកបដោយសមត្ថភាព ទេពកោសល្យខ្ពស់ ភាពប្រាកដនិយម និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបូជាអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីធ្វើឱ្យប្រទេសកម្ពុជាបន្តរក្សាបានសុខសន្តិភាពពេញលេញ ឯកភាពជាតិ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមដើម្បីបម្រើ ជាតិ សាសនា និងព្រះមហាក្សត្រ ព្រមទាំងប្រតិបត្តិតាមគន្លងមាគ៌ាដ៏ល្អប្រពៃ និងមរតកនយោបាយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនៃនយោបាយ ឈ្នះ ឈ្នះ និងជាបិតាសន្តិភាពរបស់កម្ពុជា ដោយប្រកាន់ខ្ជាប់ឥតងាករេនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្សនៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់ ។
ជាថ្មីម្តងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក បារមី លោកជំទាវម៉ៅ បារមីព្រះថោងនាងនាគ សូមជួយប្រោសព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ បវរសួស្ដីមហាប្រសើរ ជូន ចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី ជាទី ស្រលាញ់បំផុត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះ ទៅត្រើយសន្តិភាព ប្រកបដោយភាពសម្បូរសប្បាយ រុងរឿងថ្កើងថ្កាន និងការអភិវឌ្ឍជាតិឱ្យកាន់តែមានភាពរីកចម្រើនលើ គ្រប់វិស័យ ដើម្បីវិបុលភាព សេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា ជានិច្ចនិរន្តរ៍តរៀងទៅ ។
សូម សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមេត្តាទទួលនូវសេចក្តី គោរពដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំ ។