ក្រុងសំពៅពូន ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤ កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាគណៈអធិបតីក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី៥ អាណត្តិទី៣ ឆ្នាំ២០២៣ នៅភូមិចុងខ្សាច់ សង្កាត់ឈើខ្មៅ ក្រុងសំពៅពូន ខេត្តកណ្ដាល ។
នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ លើកឡើងថាវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ គឺជាការផ្ដល់ឱកាសជូនប្រជាពលរដ្ឋបានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលក្រុង រដ្ឋបាលសង្កាត់ ប្រជាពលរដ្ឋ តំណាងអង្គការសង្គមស៊ីវិល វិស័យឯកជន និងក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្ដូរ នូវបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍប្រកបដោយចីរភាព និងប្រសិទ្ធភាព។
ក្នុងវេទិការនោះ ឯកឧត្តមអភិបាល បានផ្តាំផ្ញើដល់រដ្ឋបាលក្រុង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នូវចំណុចសំខាន់ៗ មួយចំនួនដូចខាងក្រោម៖
១.គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ត្រូវបន្តពង្រឹងនិងថែរក្សាការពារសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់ប្រសិទ្ធភាពការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងបន្តការអប់រំ ផ្សព្វផ្សាយ ចុះឲ្យដល់មូលដ្ឋានតាមខ្នងផ្ទះ(ជាពិសេសគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទត្រូវតែគ្មានជាដាច់ខាតក្នុងមូលដ្ឋាន)។
២.ត្រូវពង្រឹង និងកែលម្អការផ្តល់សេវាសាធារណៈ,សេវារដ្ឋបាល តាមការិយាល័យច្រកចេញចូលតែមួយ ដោយជំរុញអនុវត្ត ឱ្យបានតាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និង មានតម្លាភាព» ក្នុងការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ។
៣.រដ្ឋបាលក្រុង ដែលមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តរួមគ្នាខិតខំដោះស្រាយ សំណើ សំណូមពរ និង បញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជាពិសេសខិតខំកាត់បន្ថយការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ។