នៅព្រឹកថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំដំណើរទស្សនកិច្ចសិក្សា ស្តីពី ខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា នៅតាមបណ្តារាជធានី និងខេត្តចំនួន៣ ដោយមានការសហការរវាងក្រសួងពាណិជ្ជកម្ម និងគាំទ្រដោយសហភាពអឺរ៉ុប ។
រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម តូច ប៊ុនហួរ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងក្នុងកម្មវិធី បើកដំណើរទស្សនកិច្ចសារព័ត៌មាន និងទស្សនកិច្ចសិក្សារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហភាពអឺរ៉ុប ស្តីពី ខ្សែច្រវាក់ផលិតកម្មគ្រាប់ស្វាយចន្ទីកម្ពុជាថា ដំណាំស្វាយចន្ទី ជាដំណាំឧស្សាហកម្មកំពុងតែមានសក្តានុពលសម្រាប់កម្ពុជា និងមានកេរ្តិ៍ឈ្មោះល្បី ជាពិសេសមានការទទួលស្គាល់ពីទីផ្សារលើគុណភាព រសជាតិ ទំហំគ្រាប់ និងសិរីរាង្គតាមបែបប្រពៃណី ។
ឯកឧត្តមថ្លែងបន្តថា ដំណាំស្វាយចន្ទីនេះ ស្ថិតនៅក្នុងដំណាំអាទិភាព បន្ទាប់ពីដំណាំស្រូវ ដោយសារដំណាំស្វាយចន្ទីងាយស្រួលដាំដុះ ត្រូវការទឹកតិចតួចសម្រាប់ការលូតលាស់ ធន់នឹងអាកាសធាតុរាំងស្ងួត សមស្របទៅនឹងអាកាសធាតុ និងសណ្ឋានដីនៅកម្ពុជា បើប្រៀបធ្រៀបជាមួយដំណាំផ្សេងៗទៀត ។
ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្ននេះ ខេត្តដែលបានដាំដុះដំណាំស្វាយចន្ទីច្រើនជាងគេ គឺមានខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ សៀមរាប និងកំពង់ឆ្នាំង ។ តាមរយៈការវាយតម្លៃបង្ហាញថា ប្រទេសកម្ពុជាមានលក្ខខណ្ឌដីសមស្របសម្រាប់ដំណាំស្វាយចន្ទីមានប្រមាណ២,៣៨លានហិកតា ។
ជាមួយគ្នានេះ ឯកឧត្តម តូច ប៊ុនហួរ ថ្លែងទៀតថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល ស្តីពីការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារនិងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហរិញ្ញប្បទាន ១០០លានដុល្លារអាមេរិក ការដាក់ពង្រាយមន្ត្រីកសិកម្ម ឃុំ-សង្កាត់ និងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើបថែមទៀតផង ។
រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ឯកឧត្ដម រាជ រ៉ា ថ្លែងថា ដំណើរទស្សនកិច្ចនេះនិងងផ្តិតយករូបភាព រួមទាំងខ្លឹមសារល្អៗអំពីស្វាយចន្ទី ដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ហើយធ្វើឱ្យការនាំចេញស្វាយចន្ទីនៅកាន់ពិភពលោកកាន់តែមានភាពល្អប្រសើរនាពេលអនាគត ដោយសារដំណាំស្វាយចន្ទី គឺជាដំណាំកសិកឧស្សាហ៏កម្មដែលមានសក្ដានុពលខ្ពស់ ក្នុងចំណោមដំណាំកសិឧស្សាហ៏កម្មទាំង១២មុខ ដែលរាជរដ្ឋាភិបាលកំពុងផ្ដោតការយកចិត្ដទុក្ខដាក់បង្កើន ផលិតភាព និងការប្រកួតប្រជែង តាមរយៈការធ្វើពិពិតកម្មសេដ្ឋកិច្ច ក្នុងសម្មភាពដែលមានតម្លៃខ្ពស់ក្នុងអាណត្តិទី៦កន្លងទៅ។
ឯកឧត្ដមបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣កន្លងទៅ កម្ពុជាបាននាំចេញគ្រប់ស្វាយចន្ទីជាង៣៨មឺនតោនក្នុងនោះមានប្រទេស ដូចជា ចិន ជប៉ុន បង់ក្លាដេស វៀតណាម និងថៃ ហើយគ្រប់ស្វាយចន្ទីកែច្នៃមានចំនួន១៥៦ បាននាំចេញទៅ ចិន សាធារណៈរដ្ឋឆេក ជប៉ុន កូរ៉េ ហូឡង់ វៀតណាម ថៃ តៃវ៉ាន និងសហរដ្ឋអាមេរិច ។
ករណីនេះឯកឧត្ដមថ្លែងទៀតថា តម្លៃគ្រប់ស្វាយចន្ទីស្ងួតជាមធ្យមមានតម្លៃនៅចន្លោះពី១៧០០ ដុល្លារ ទៅ១៩០០ដុល្លារ នៅក្នុងមួយតោន ហើយជាមធ្យមប្រមូលផលបានពីចន្លោះ ៦០មឺនតោនទៅ៨០មឺនតាន ជាប្រចាំឆ្នាំ ខណៈបច្ចុប្បន្ននេះការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុកបានចន្លោះពី៥%ទៅ១០% ចំណែក ៩០%ទៀត កម្ពុជាលក់គ្រាប់ស្វាយចន្ទីស្រស់ (ជាវត្ថុធាតុដើម) ទៅក្រៅប្រទេស ដែលធ្វើឱ្យកម្ពុជាបាត់បង់តម្លៃបន្ថែមជាច្រើន ។
មុនទស្សនកិច្ចចាប់ផ្ដើម លោកជំទាវ អ៊ឹម រចនា បានពន្យល់ទៅកាន់អ្នកសារព័ត៌មាន អំពីដំណើរដើមទងដែលជំរុញឱ្យក្រសួងផ្ដួចផ្ដើមឱ្យមានដំណើរទស្សនកិច្ចសិក្សា និងផ្សផ្វផ្សាយអំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា នៅតាម បណ្តារាជធានី និងខេត្តចំនួន៤ សម្រាប់អ្នកសារព័ត៌មាន៤០នាក់ មកពី៣០ស្ថាប័ន។
ដំណើរទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មានផ្ដួចផ្ដើមដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយក្រសួងពាណិជ្ជកម្ម និងឧបត្ថម្ភគាំទ្រដោយសហភាពអឺរ៉ុប ដើម្បីបង្ហាញពីខ្សែច្រវាក់ផលិតកម្ម ស្វាយចន្ទីនៅកម្ពុជា និងឈានទៅពង្រីកសក្តានុពលនៃវិស័យនេះឱ្យបានកាន់តែទូលំទូលាយ។
លោកជំទាវ អ៊ឹម រចនា ថ្លែងបន្តថា ដំណើរទស្សនកិច្ចសិក្សា និងផ្សផ្វផ្សាយអំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា ធ្វើឡើងស្របស្របពេលជាមួយវេទិកាស្វាយចន្ទី ដែលនឹងរៀបចំធ្វើនៅខេត្តកំពង់ធំ នាថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីបង្ហាញអំពីវឌ្ឍនភាព និងឱកាសសម្រាប់ការវិនិយោគវិស័យស្វាយចន្ទីរបស់កម្ពុជា៕