បទល្មើស ព័ត៌មានជាតិ

ល្បែងស៊ីសងជល់មាន់អនឡាញខុសច្បាប់ទល់មុខផ្ទះមេភូមិលើ កំពុងបើកដំណើរការលេងយ៉ាងរលូន គ្មានការរំខានពីលោកនាយប៉ុស្តិ៍នគរបាលសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ប្រហែលជាខ្លាចអំណាចម្ចាស់ទីតាំង មិនហ៊ានបង្ក្រាប!!!

ក្រុងអរិយក្សត្រ៖ មានទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញខុសច្បាប់មួយកន្លែង នៅត្រង់ចំណុចផ្ទះឈ្មោះវ៉ា នៅទល់មុខផ្ទះមេភូមិ ភូមិលើ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល កំពុងបើកដំណើរការលេងល្បែងស៊ីសងខុសច្បាប់ ភ្នាល់ចាក់មាន់ជល់តាមប្រព័ន្ធអនឡាញលេងយ៉ាងគគ្រឹកគគ្រេង ផ្អើលអស់អ្នកភូមិ ដោយគ្មានខ្លាចញញើតសមត្ថកិច្ចបន្តិចសោះឡើយ ចំណែកអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចគ្មានវិធានការបង្ក្រាបនោះឡើយ ប្រហែលជាត្រូវរូវគ្នាហើយមើលទៅ បានជាអាជ្ញាធរមានសមត្ថកិច្ចប្រងើយកន្តើយមិនបង្ក្រាបដូច្នេះ។

ករណីនេះដែរ ពលរដ្ឋជាច្រើនបានរិះគន់ចំៗ ទៅលើលោក រស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្រ ដូចជាគ្មានវិធានការទប់ស្កាត់បទល្មើស ល្បែងស៊ីសងខុសច្បាប់ទាំងនេះទាល់តែសោះ បែរជាបណ្តែតបណ្ដោយឱ្យក្រុមញៀនល្បែងលេងបានយ៉ាងរលូន។

ប្រជាពលរដ្ឋជាច្រើនទទូចស្នើសុំទៅដល់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល សូមជួយត្រួតពិនិត្យនិងចាត់មន្ត្រីជំនាញចុះធ្វើការទប់ស្កាត់ នឹងបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿងនិងសុខដុមរមនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ចំនួន ៧ ចំណុច ដែលក្នុងនោះក៏រួមមាន គ្មានបទល្មើស លួច ឆក់ប្លន់អំពើហិង្សាក្នុងគ្រួសារ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ។