ព័ត៌មានជាតិ

ពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៃក្រុងអរិយក្សត្រ និងស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកុម្ភ: ឆ្នាំ២០២៤នេះ ឯកឧត្តម គង់ សោភ័ណ្ឌ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងជាប្រធានគណ:កម្មាធិការគណបក្សខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង «ពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៃក្រុងអរិយក្សត្រ និងស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ » ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈឆ្នាំ២០២៤ ខាងមុខ។

“អ្នកបោះឆ្នោតទាំងអស់ ត្រូវរួមសាមគ្គីគ្នាអនុវត្តនូវភារកិច្ច តាមសមត្ថកិច្ចទទួលខុសត្រូវរៀងខ្លួនៗ ឱ្យអស់ពីលទ្ធភាព សមត្ថភាព និងទទួលបានជោគជ័យជាក់ជាមិនខាន ដើម្បីគាំទ្រការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងគាំទ្រ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំប្រទេសកម្ពុជាតទៅមុខទៀត ដើម្បីសន្តិភាព និងវឌ្ឍនភាពយូរអង្វែង”។

«ដើម្បីជាការឆ្លើយតបនឹងជំនឿទុកចិត្តរបស់ប្រជាជនកម្ពុជា ដែលបានបោះឆ្នោតគាំទ្រគណបក្ស និងដើម្បីគណបក្សប្រជាជនកម្ពុជា អាចដឹកនាំប្រទេសបានយូរអង្វែង ថ្នាក់ដឹកនាំគណបក្ស ថ្នាក់ដឹកនាំក្រុមការងារ មន្ត្រីរដ្ឋបាលគ្រប់ថ្នាក់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវយកអស់កម្លាំងកាយចិត្តអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ឆ្នាំ២០២៣-២០២៨ ដែលជាកិច្ចសន្យារវាងគណបក្ស ជាមួយនឹងម្ចាស់ឆ្នោត»៕