ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ពាក់ព័ន្ធនឹងដំណើរការកសាងព្រែកជីកហ្វូណនតេជោ ដែលត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហាឆ្នាំ ឆ្នាំ២០២៥ ដោយសារតែទាក់ទងទៅនឹងនីតិវិធីការសិក្សាស្រាវជ្រាវ ទើបធ្វើឲ្យការចាប់ផ្ដើមដំណើរការសាងសង់នៅពាក់កណ្ដាលខែកុម្ភៈនេះ។
ឯកឧត្តមអភិបាល បានបញ្ជាក់បន្តថា កាលពីចុងឆ្នាំ ២០២៤ យើងបានចាប់ផ្ដើមសាងសង់ដំណាក់កាលទី១ ពីទន្លេមេគង្គ ដល់ទន្លេបាសាក់ ដោយបានបោះនិយាយមកការរួចរាល់ហើយ ចូលមកដល់ដំណាក់កាលទី២ គឺក្រុមការងារដោះស្រាយផលប៉ះពាល់ បានចុះទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ដើម្បីដំណើរការនីតិវិធីជាបន្តបន្ទាប់ទៀត។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ចំពោះការសាងសង់ព្រែកជីកនេះ ជាដំបូងយើងត្រូវដោះស្រាយផលប៉ះពាល់ បន្ទាប់ពីដោះស្រាយហើយ យើងត្រូវចុះវាស់វែង ហើយបច្ចុប្បន្ននេះក្រុមការងារបានវាស់វែងបានចំនួនពីរភូមិហើយ ឯកឧត្តមបានបន្ថែមថាចំណុចដែលចាប់ផ្ដើមអនុវត្តនោះ គឺចាប់ផ្ដើមពីអាងទឹកយុវជនដែលក្រុមការងារកំពុងតែធ្វើការវាស់វែង បន្ទាប់ពីវាស់វែងរួចហើយនឹងឈានទៅការចុះកុងត្រាកិច្ចសន្យារវាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគណៈកម្មាធិការដោះស្រាយផលប៉ះពាល់ ជាមួយនឹងម្ចាស់ដី និងម្ចាស់ទ្រព្យ ដើម្បីឈានទៅដល់ការចុះអនុវត្តការសាងសង់ព្រែកជីកហ្វូណនតេជោ។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។ ព្រែកជីកនេះមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់រួចចូលតាមព្រែកតាហ៊ឹង នៃទន្លេបាសាក់ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។
គម្រោងនេះនឹងផ្តល់ផលប្រយោជន៍ដ៏ធំធេងដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជា ពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ ពេលវេលា និងថ្លៃដឹកជញ្ជូនប្រកបដោយភាពប្រកួតប្រជែងត្រង់ទៅសមុទ្រ ព្រមទាំងបង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់ និងជួយពង្រីកនិងបង្កើនផលិតភាពនៃការដាំដុះនៅតំបន់ភាគនិរតី។





























