ព័ត៌មានជាតិ

សាខា ក.ប.ប. ខេត្តកណ្តាលបន្តយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារដល់សិស្សានុសិស្ស

ខេត្តកណ្តាល ៖ ដោយអនុវត្តតាមការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ក.ប.ប. និងអនុវត្តភារកិច្ចរបស់ខ្លួនក្នុងវិស័យសុវត្ថិភាពម្ហូបអាហារ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ មន្ត្រី ក.ប.ប. ប្រចាំនៅសាខា ក.ប.ប. ខេត្តកណ្តាល សហការជាមួយអាជ្ញាធរដែនដី និងលោកគ្រូ-អ្នកគ្រូ នៃសាលាបឋមសិក្សាប៊ុន រ៉ានី ហ៊ុន សែនព្រែកតាមាក់ និងអនុវិទ្យាល័យ ព្រះសីហនុរាជ ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានបើកកម្មវិធីអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ១,០១៦នាក់។

នៅក្នុងកម្មវិធីអប់រំផ្សព្វផ្សាយនេះ លោកប្រធានសាខា ក.ប.ប. ខេត្តកណ្តាល និងមន្ត្រីសាខាដែលជាគ្រូបង្គោលបានធ្វើការពន្យល់យ៉ាងក្បោះក្បាយអំពីតួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋាន ក.ប.ប. ក្នុងកិច្ចការពារអ្នកប្រើប្រាស់ និងសុវត្ថិភាពចំណីអាហារ អនុលោមតាមច្បាប់ទាំង៤ដែលអគ្គនាយកដ្ឋាន ក.ប.ប. ទទួលអាណត្តិអនុវត្ត ដល់អ្នកចូលរួមទាំងអស់។ ក្នុងវេទិកានេះផងដែរ ក៏មានការផ្លាស់ប្តូរនូវសំណួរនិងចម្លើយទៅវិញទៅមករវាងសិស្សានុសិស្ស និងគ្រូបង្គោល ដែលធ្វើឱ្យកម្មវិធីកាន់តែមានភាពផុលផុស។ កម្មវិធីអប់រំផ្សព្វផ្សាយនេះនឹងរួមចំណែកលើកកម្ពស់ការយល់ដឹង របស់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីទាក់ទងនឹងច្បាប់និងបទបញ្ញត្តិនានា ជាពិសេសការជ្រើសរើសម្ហូបអាហារដែលមានសុវត្ថិភាពមុននឹងយកទៅបរិភោគ។