ព័ត៌មានជាតិ

កិច្ចប្រជុំស្តីពីការដាក់ឲ្យប្រើប្រាស់នូវលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់1292(Hote Line)របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាពេលឆាប់ៗខាងមុខនេះ!!!

ខេត្តកំពង់ស្ពឺ៖ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំប្រជុំស្តីពីការដាក់ឲ្យប្រើប្រាស់នូវលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់1292(Hote Line)របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
ដែលផ្តួចផ្តើមបំពាក់ឡើងដោយ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដោយបានទទួលការអនុញ្ញាតឲ្យដាក់ដំណើរការពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងគោលបំណងបម្រើជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ធ្វើការទំនាក់ទំនងផ្តល់ព័ត៌មានអំពីហេតុការណ៍បន្ទាន់ ឬ បទល្មើសគ្រប់ប្រភេទ ជាពិសេសសម្រាប់ប្រជាពលរដ្ឋធ្វើការប្តឹងបន្ទាន់ចំពោះបញ្ហាដែលពួកគាត់ជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃផងដែរ ដើម្បីងាយស្រួលដល់ការចុះជួយដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗទាន់សភាពការណ៍ប្រកបដោយភាពកក់ក្តៅបំផុតសម្រាប់ខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ផងដែរថាសម្រាប់លេខទូរស័ព្ទបន្ទាន់1292(Hote Line)នេះដែរ គឺទទួលការហៅចូលបានគ្រប់ប្រពន្ធ័ដោយមិនអស់លុយនោះទេ ដោយមានយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដែលលោកតែងតែគិតគូរ ជួយសម្រួលការចំណាយ និងការលំបាករបស់ប្រជាពលរដ្ឋ ដើម្បីឲ្យមានភាពងាយស្រួល ក្នុងការផ្តលព័ត៌មានមកកាន់កម្លាំងជំនាញ់ឲ្យទាន់ពេល និងដើម្បីឲ្យកម្លាំងជំនាញចុះអន្តរាគមន៍ទាន់ពេលវេលា ជូនដល់ប្រជាពលរដ្ឋដែលជាជនរងគ្រោះ៕

ក្នុងកិច្ចប្រជុំនោះដែរមានការចូលរួមពី លោកមេបញ្ជាការរង នាយលេខា ប្រធានមន្ទីរ នាយការិយាល័យ ដែលជាអ្នកពាក់ពន្ធ័ទៅ និងការងារខាងលើនេះ៕