ខេត្តកណ្តាល៖ មន្ត្រី នៃមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំចំនួន៤ រួមមាន៖ ឃុំកោះចូរ៉ាម ឃុំស្វាយរមៀត ឃុំតាឯក និងឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល និងប្រជាពលរដ្ឋដែលមានដីក្នុងឃុំខាងលើត្រូវត្រៀមឯកសារពាក់ព័ន្ធអោយបានគ្រប់គ្រាន់ រួមមានសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សៀវភៅគ្រួសារ និងលិខិតពាក់ព័ន្ធផ្សេងៗ និងបោះបង្គោលព្រំដីអោយបានច្បាស់លាស់ ដើម្បីងាយស្រួលដល់ក្រុមការងារចុះវាស់វែង និងចេញប័ណ្ណកម្មសិទ្ធជូនបងប្អូនអោយបានឆាប់រហ័ស។
នេះជាការថ្លែងរបស់លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យមានលក្ខណះជាប្រព័ន្ធ នាព្រឹកថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២៣ ។
លោកបានបញ្ជាក់ថា៖ កិច្ចប្រជុំនេះគឺដើម្បីផ្សព្វផ្សាយជាសាធារណៈ នូវដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរួមមានការកំណត់ព្រំដី ការវាស់វែង និងការវិនិច្ឆ័យ ដែលអនុវត្តផ្ទាល់ដោយមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សហការជាមួយអាជ្ញាធរដែនដី និងមន្ទីរ អង្គភាពគ្រប់គ្រងដីរដ្ឋដែលពាក់ព័ន្ធ ហើយការចុះបញ្ជីដីធ្លីនេះគឺ ត្រូវចុះបញ្ជីទាំងដីឯកជន ទាំងដីរដ្ឋ ដែលអនុវត្តទៅតាមនីតិវិធី និងបច្ចេក វិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវ ហើយមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លី។នេះគឺជាប្រការសមស្របបំផុត ដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ ទំនាស់ដីធ្លីនៅក្នុងសង្គម។
លោកអនុប្រធានមន្ទីរបានបញ្ជាក់ថា៖ឃុំ សង្កាត់ទាំង១២៧ក្នុងខេត្តកណ្តាល បានប្រកាសកំណត់តំបន់វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធរួចរាល់ហើយ ដោយឡែកក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹងបានធ្វើការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធរួចរាល់ជាស្ថាពរ។
ថ្លែងក្នុងឱកាសនោះ លោក ចេង ឌីណាអភិបាលស្រុកខ្សាច់កណ្តាល បានមានប្រសាសន៍ថា ៖កិច្ចប្រជុំផ្សព្វផ្សាយនៅថ្ងៃនេះ គឺជាយន្តការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេច ឣគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃប្រទេសកម្ពុជា។ហើយការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ គឺដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់ និងជាឯកសារសំអាងរឹងមាំមួយសម្រាប់ម្ចាស់ដីដែលបង្ហាញពីការកាន់កាប់ស្របតាមច្បាប់យ៉ាងពិតប្រាកដ ពិសេសដីមានតម្លៃ ហើយការចុះបញ្ជីដីធ្លីនេះបានធ្វើឱ្យបញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយជាបន្តបន្ទាប់។
លោកអភិបាលស្រុក បានជំរុញដល់ក្រុមការងារឱ្យបង្កើនសកម្មភាពរបស់ខ្លួនថែមទៀត ក្នុងការចុះវាស់វែងដីធ្លីនៅក្នុងតំបន់គោលដៅឱ្យបានលឿនដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះលោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការឱ្យបានល្អក្នុងឱកាសចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជាមួយអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរ ភូមិ ឃុំ គ្រប់លំដាប់ថ្នាក់ ដើម្បីសម្រួលការងារ និងដំណើរការដោយរលូន៕