ព័ត៌មានជាតិ

គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ ខេត្តកំពង់ឆ្នាំង បានរៀបចំ​កិច្ច​ប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅសម្រាប់អនុវត្តខែបន្ត

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅសម្រាប់អនុវត្តបន្ត ដើម្បីត្រួតពិនិត្យសកម្មភាពការងារកន្លងមក និងដាក់ចេញផែនការអនុវត្តថ្មីៗសម្រាប់អនុវត្តជាបន្តទៀត។

កិច្ចប្រជុំនេះអញ្ជើញចូលរួមក្រោមអធិបតីភាពលោកជំទាវ តុង ណារី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត និងជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកា និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត មកពីមន្ទីរ អង្គភាព ការិយាល័យជំនាញពាក់ព័ន្ធ អង្គការដៃគូ ដែលមានកិច្ចសហប្រតិបត្តិការចូលរួមផងដែរ។

របៀបវារៈនៃកិច្ចប្រជុំរួមមាន៖ (១). មតិស្វាគមន៍របស់ប្រធានអង្គប្រជុំ (២). អានសេចក្តីព្រាង និងកំណត់ហេតុ កិច្ចប្រជុំ ពិនិត្យនិងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំប្រចាំខែ ពិនិត្យ និងអនុម័តផែនការសកម្មភាព (៣).ពិនិត្យ និងស្ដាប់របាយការណ៍លទ្ធផលការងារពាក់ព័ន្ធបញ្ហាស្ត្រី កុមារ យុវវ័យ និងជនងាយរងគ្រោះ របស់ មន្ទីរ អង្គភាព ការិយាល័យជំនាញ អង្គការដៃគូពាក់ព័ន្ធ ផ្សេងៗ។

បន្ទាប់ពីស្ដាប់របាយការណ៍របស់អង្គប្រជុំរួចមក លោកជំទាវ តុង ណារី ប្រធានអង្គប្រជុំបានមានប្រសាសន៍ថា ដើម្បីទទួលបានភាពជោគជ័យ និងប្រសិទ្ធភាពក្នុងការអនុវត្តការងារសម្រេចនូវភារកិច្ច និងផែនការថ្មីៗ ដែលគណៈកម្មាធិការបានប្រគល់ជូន សមាជិកទាំងអស់ត្រូវមានការសហការគ្នាឱ្យខ្លាំងជាងនេះបន្តទៀត ជាពិសេស សហការជាមួយមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដែលជាអ្នករស់នៅជិតប្រជាពលរដ្ឋជាប្រចាំ ងាយស្រួលដោះស្រាយពេលជួបបញ្ហាផ្សេងៗ ជាពិសេសការខ្វះទឹកប្រើប្រាស់របស់បង ប្អូន ប្រជាពលរដ្ឋ ព្រោះរដូវនេះជារដូវប្រាំង ៕ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង